រដ្ឋបាលខេត្តព្រះវិហារ ជំរុញដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ឲ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ទី៤ ទី៥ និងដូសទី៦ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

0

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសជូនដំណឹងដល់ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សាធារណជន មាតា បិតា និងអាណាព្យាបាលទាំងអស់ ឲ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤ ទី៥ និងទី៦) បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាកសាំង សំដៅបង្កើនឲ្យមានភាពស៊ាំ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។

រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤ ទី៥ និងទី៦) ជូនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សាធារណជន មាតា បិតា អាណាព្យាបាល និងកុមារចាប់ពីអាយុ ៣ឆ្នាំឡើងទៅ ក្នុងនោះការចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ ត្រូវឲ្យមានគម្លាតពីគ្នារយៈពេល ៣ខែឡើងទៅ និងចាក់វ៉ាក់សាំងដូសទី៦ ត្រូវមានគម្លាតពីគ្នាចាប់ពី ៦ខែឡើងទៅ បន្ទាប់ពីបានចាក់វ៉ាកសាំងដូសទី៥ រួច។

រដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សាធារណជន មកទទួលការចាក់វ៉ាកសាំង និងមាតា បិតា អាណាព្យាបាល​កុមារ ចាប់ពីអាយុ ៣ឆ្នាំឡើងទៅ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤ ទី៥ និងទី៦) តាមការស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលក្រុង ស្រុកទាំង ៨ បានរៀបចំជូន ចាប់ពីថ្ងៃទី១៦មករា២០២៣ តទៅ ដោយនៅពេលព្រឹក ចាប់ពីម៉ោង៧ និង៣០នាទី ដល់ម៉ោង១១ និង៣០នាទីថ្ងៃត្រង់ និងនៅពេលរសៀល ចាប់ពីម៉ោង ២ ដល់ម៉ោង ៥ល្ងាច ដោយនាំយកទៅជាមួយ នូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ ឯកសារបញ្ជាក់ផ្សេងៗតាមការចាំបាច់ ដើម្បីបង្ហាញដល់ក្រុមគ្រូពេទ្យ។

ចំពោះទីតាំងដែលបានកំណត់នោះ រួមមាន៖ ក្រុងព្រះវិហារ មាន២ទីតាំង (មន្ទីរពេទ្យបង្អែក ១៦មករាខេត្ត និងមណ្ឌលសុខភាពត្បែងមានជ័យ) ,ស្រុកជាំក្សាន្ត មាន៥ទីតាំង (មណ្ឌលសុខភាពស្រអែម ,មណ្ឌលសុខភាពសែនតេជៈ ,មណ្ឌលសុខភាពយាង ,មណ្ឌលសុខភាពរុងរឿង១ និងមន្ទីរពេទ្យបង្អែកជាំក្សាន្ត) ,ស្រុករវៀង មាន៣ទីតាំង (មណ្ឌលសុខភាពរវៀង ,មណ្ឌលសុខភាពភ្នំដែក និងមណ្ឌលសុខភាពឈ្នួន) ,ស្រុកជ័យសែន មាន៣ទីតាំង (មណ្ឌលសុខភាពស្អាង មណ្ឌលសុខភាពច្រាច់ និងមណ្ឌលសុខភាពពើក) ,ស្រុកត្បែងមានជ័យ មាន១ទីតាំង (មណ្ឌលសុខភាពប្រមេរ) ,ស្រុកឆែប មាន៣ទីតាំង (មណ្ឌលសុខភាពឆែប ,មណ្ឌលសុខភាពម្លូព្រៃ និងមណ្ឌលសុខភាពស្រឡៅ) ,ស្រុកគូលែន មាន៤ទីតាំង (មណ្ឌលសុខភាពតាកឹង ,មណ្ឌលសុខភាពគូលែន ,មណ្ឌលសុខភាពបរិបូរណ៍ និងមណ្ឌលសុខភាពកោះកេរ្តិ៍) និងស្រុកសង្គមថ្មី មាន២ទីតាំង (មណ្ឌលសុខភាពចំរើន និងមណ្ឌលសុខភាពរណៈសិរ្ស)៕ ដោយ៖ឡុង សំបូរ