ហ្វូងសត្វខ្ទីងបានបង្ហាញខ្លួននៅតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ សត្វខ្ទីងពីរក្បាលមេ និងកូន ត្រូវបានក្រុមមន្រ្តីឧទ្យានុរក្ស ការពារដែនជម្រកសត្វព្រៃ-ព្រៃឡង់ នៃមន្ទីរបរិស្ថានក្នុងខេត្តព្រះវិហារ បានប្រទះឃើញកំពុងដើររកស៊ីចំណី គ្រាដែលក្រុមមន្ត្រីបានចុះល្បាត ដើម្បីគ្រប់គ្រងធនធានធម្មជាតិ នៅចំណុចភ្នំក្រៀល ស្ថិតនៅក្នុងភូមិ ភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់ ពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី១៣មករា២០២៣ កន្លងទៅនេះ។

មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា នៅរយៈកាលកន្លងមក ពួកគេធ្លាប់បានប្រទះឃើញហ្វូងសត្វខ្ទីង (សត្វខ្ទីងមេ និងកូន) រកស៊ីចំណី កាលពីថ្ងៃទី៩កក្កដា២០២២ នៅចំណុចភ្នំ១០០ ស្ថិតនៅក្នុងភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

មន្ត្រីដដែលបានបញ្ជាក់ថា សត្វខ្ទីង គឺជាថនិកសត្វ នៃពពួកគោសាទិស ស៊ីស្មៅ និងរុក្ខជាតិជាអាហា ហើយសត្វខ្ទីងត្រូវការវាលស្មៅទំហំធំសម្រាប់ស៊ីជាចំណី វាមានមាឌធំជាងគេក្នុងចំណោមពពួកគោសាទិសនៅលើពិភពលោក។

លោកបញ្ជាក់ទៀតថា ដោយសារតែខ្ទីងមានមាឌធំ ដូច្នេះ វាពុំសូវមានសត្រូវច្រើនទេហើយសត្វខ្ទីងត្រូវបានកត់ត្រា នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។

ដោយឡែក នៅក្នុងប្រទេសកម្ពុជា គេប្រទះឃើញខ្ទីងមានវត្តមានភាគច្រើន គឺនៅក្នុងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ តែទោះជាយ៉ាងណា បច្ចុប្បន្ន ពុំមានតួលេខប៉ាន់ស្មានផ្លូវការ អំពីចំនួនសត្វខ្ទីងដែលមាននៅក្នុងប្រទេសកម្ពុជា នោះឡើយ៕ដោយ៖ឡុង សំបូរ