លោក ជិន សុីថា និងលោក សៅ វណ្ណសិរីវុទ្ឋបានដឹកនាំកម្លាំងសហគមន៍នេសាទលើកស្លាកសញ្ញាបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹក នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ និងឃុំចំណារក្រោម ស្រុកស្ទោង

(កំពង់ធំ)÷ ថ្ងៃអាទិត្យ០៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលមានសកម្មភាពការងារដឹកនាំដោយលោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ បានដឹកនាំកម្លាំងសហគមន៍នេសាទដើម្បីលើកស្លាកសញ្ញាបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹក នៅឃុំសាន់គរ ស្រុកកំពង់ស្វាយចំនួន០១ស្លាក និងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានចំនួន០២ស្លាក ។

ជាមួយគ្នានេះផងដែរលោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវតែយកចិត្តទុកដាក់ចូលរួមថែរក្សាការពារនៅធនធានធម្មជាតិរបស់យើងទាំងអស់គ្នា ដែលជាប្រយោជន៍ខ្លួនឯងផង និងប្រយោជន៍សង្គមជាតិទាំងមូលផងដែរ។ ការលើកស្លាកសញ្ញានេះ ចង់បង្ហាញដល់បងប្អូនទាំងអស់ចូលរួមការពារធនធានធម្មជាតិ ឲ្យបានគង់វង្ស និងរក្សាពូជត្រីឲ្យបានយូរអង្វែង ព្រមទាំងការពារឲ្យបាននៅធនធានកើតឡើងវិញនៅក្នុងមូលដ្ឋាន។

ការផ្តាំផ្ញើរបស់នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ គឺអាជ្ញាធរមូលដ្ឋាននៅក្នុងសហគមន៍ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីវិធានការនិងទប់ស្កាត់ការប្រើបទល្មើសផ្សេងៗដែលហួសកម្រិត ធ្វើឲ្យវិនាសហិនហើចនៅសម្បត្តិធម្មជាតិ។

គួរបញ្ជាក់ផងដែរថា សម្រាប់សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមចូលរួមវេទិកាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធស្តីពី(ការពង្រឹងកិច្ចសហការការពារធនធានធម្មជាតិនៅតំបន់រ៉ាមសារស្ទឹងសែន) នៅសាលាឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។