លោកឧកញ្ញ៉ាទៀវិចិត្រ ជនរងគ្រោះ២នាក់ដែលលិចទូកបាត់ខ្លួនក្នុងលម្ហសមុទ្រនោះត្រូវបានរកឃើញហើយ

0

ខេត្តព្រះសីហនុ៖ ក្រុមការងារសង្គ្រោះរបស់ លោក ឧកញ្ញ៉ា ទៀ វិចិត្រសហការជាមួយសម្ថកិច្ចបានប្រើប្រាស់  អូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿងក្នុងការ ស្វែងរកជួយសង្រ្គោះ ជនរងគ្រោះជាអ្នកនេសាទ ចំនួន០២ ដែលជួបគ្រោះថ្នាក់លិចទូកកណ្តាលសមុទ្រ តាំងពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣ រហូតដល់ រសៀលថ្ងៃដ៏ដែល គឺប្រើពេលប្រមាណ១៤ម៉ោង ជាលទ្ធលជនរងគ្រោះទាំង០២នាក់ត្រូវ បានបងប្អូនទូកនេសាទ ដូចគ្នា ប្រទះឃើញ ចំណុចជិតកោះថាសនិងបានជួយសង្រ្គោះដោយសុវត្ថិភាព។

ជនរងគ្រោះមានឈ្មោះ ទី១.ឈ្មោះ នៅ គឹមយ៉េង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបរទូកនេសាទ មានស្រុកកំណើតនៅខេត្តព្រៃវែង។ទី២-ឈ្មោះអេងអឿនភេទប្រុសអាយុ៤៤ឆ្នាំមុខរបរនេសាទមានស្រុកកំណើត  នៅខេត្តកែប បច្ចុប្បន្នស្នាក់នៅទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ជុំវិញមួលហេតុ បណ្តាលឲ្យទូកលិច  កណ្តាលសមុទ្រត្រូវបានជនរងគ្រោះបញ្ជាក់ថា គឺមកពីមានខ្យល់ធ្លាក់ខ្លាំង ទឹករលកធំៗ ហើយ ម៉ូទ័របូមទឹក ក៏ខូចទើបបណ្តាលឲ្យទូកលិចក្នុងពេលនោះតែម្តង ហើយពួកគេ អាចរក្សាជីវិតរស់បានក្នុងកណ្តាលសមុទ្ររហូត ដល់មានក្រុមសង្រ្គោះមកជួយនោះគឺដោយសារ ប្រើប្រាស់ពិដុងទឹកជរ័ ឱបបណ្តែត ខ្លួន។

លោកឧកញ៉ាទៀ វិចិត្រ បានមានប្រសាសន៏ថា ជនរងគ្រោះទាំង០២នាក់ត្រូវបានបញ្ជួនមកកាន់ដីគោក ក្នុងក្រុងព្រះសីហនុដោយសុវត្ថិភាពហើយក្នុងនោះលោកឧកញ៉ាក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងម្នាក់មួយលានរៀលផងដែរនិងចេញថ្លៃព្យាបាលទាំងអស់ដល់ជនរងគ្រោះទាំង២ដែលមានរបួសស្លាកស្នាម ដោយ សារតែខំប្រឹងតោងឱបពិដុងទឹកបណ្តែតខ្លួនក្នុងសមុទ្រច្រើនម៉ោង។

ជាមួយគ្នានេះថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុបានកោតសរសើរ និងថ្លែងអំណរគុណសម្រាប់ ការ ជួយសង្គ្រោះជនរងគ្រោះដែលលិចទូកនេះ តាមរយៈកិច្ចអន្តរាគមន៌ពីក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ សមត្ថកិច្ចអាជ្ញាធរពាក់ពន្ធ័និងបងប្អូនអ្នកនេសាទដូចគ្នា ដែលស្វែងរកនិងជួយជន រងគ្រោះបាន ជោគជយ័។

សូមបញ្ជាក់ថាទូកជនរងគ្រោះត្រូវបានលិចនៅក្នុងលំហសមុទ្រខណៈត្រូវខ្យល់ បោកបកខ្លាំង នៅ ត្រង់ចំណុច ដាវលេខ ៣៧.២២ ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ នៅវេលាម៉ោង ប្រមាណ ០៣ រំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២៣ហើយជនរងគ្រោះទាំង០២នាក់ក៏បានបាត់ខ្លួនក្នុង ពេលនោះផងដែរ៕

(ដោយនាគសមុទ្រ)