ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាអភិវឌ្ឍន៍យុវជន

0

ដោយ៖ឡុង សំបូរ-ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ លោកស្រី សុខា គងពិសី កាលពីរសៀលថ្ងៃទី៨មីនា ម្សិលមិញ បានដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាអភិវឌ្ឍន៍យុវជន ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ លោកស្រី សុខា គងពិសី បានសម្តែង អារម្មណ៍រីករាយប្រកបដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅបំផុត និងទទួលបាននូវការស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ ផងដែរ។

លោកស្រី ប្រធានកិត្តិយសសមាគមន៍នារី​ បានថ្លែង ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែបានយកចិត្តទុកដាក់ គិតគូរ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍ថា ថ្ងៃនេះសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ដែលមានលោកជំទាវ សុខា គងពិសី ជាប្រធានកិត្តិយសសមាគមន៍នារីខេត្ត នៅក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះ សំណាល និងសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានជាសម្ភារៈសិក្សា និងថវិការមួយចំនួន មកផ្តល់ជូនដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាអភិវឌ្ឍន៍យុវជន​នេះ មានចំនួនជាង១០០ នាក់។

លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ទាំងនេះពិតជាសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ គិតគូរ ដល់ភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចទាំងពីរ។ លោកអភិបាលខេត្ត បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអាណាព្យាសិស្សទាំងអស់ សូមបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តទៀត៕