សាលាពុទ្ធិកបឋមសិក្សា១ខ្នងកំពស់២ជាន់ ចំណាយថវិកាសរុប ៧៧.១៥០ ដុល្លាសហរដ្ឋអាមេរិក នៅវត្តទេពនិមិត្ត (ហៅវត្តធម្មយុទ្ឋ) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជទាវ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី មេគណខេត្តកំពង់ធំ ព្រះសច្ចវរបាល ខៃ ម៉ៅ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាវិន័យធរគណខេត្តកំពង់ធំ ព្រះអនុគណក្រុងស្ទឹងសែន ជាព្រះចៅអធិការវត្តទេពនិមិត្ត (ហៅវត្តធម្មយុទ្ធ) និងចាស់បព្រឹទ្ឋាចារ្យ តាជីយាយជី ព្រមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករបានចូលរួម កម្មវិធីបុណ្យសម្ភោធសាលាពុទ្ធិកបឋមសិក្សា វត្តទេពនិម្មិត នៅក្នុងវត្តទេនិម្មិត ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ឆ្លៀតក្នងឱកាសនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើង ជាការពិតណាស់ វត្តអារាមគឺជាទីស្នាក់អាស្រ័យ និងសិក្សារៀនសូត្ររបស់កូនខ្មែរស្ទើរគ្រប់សម័យកាល កាលពីបុរាណ នៅពេលដែលកូនមានអាយុ៨ទៅ១០ឆ្នាំ មាតាបិតាតែងនាំទៅវត្ត ដើម្បីអប់រំបន្ទំកាយវាចាចិត្តឲ្យបានល្អផង និងសិក្សារៀនសូត្រវិជ្ជាផ្សេងៗផង ។ លុះមកដល់សម័យបច្ចុប្បន្ន ប្រទេសមានសុខសន្តិភាពពេញលេញ ជាពិសេសក្រោមគោលនយោបាយបង្កៀកសាលាឲ្យនៅជិតផ្ទះ និងគោលនយោបាយឃុំមួយអនុវិទ្យាល័យមួយ សាលារៀនបានរីកដុះដាលពាសពេញប្រទេស ធ្វើឲ្យក្មេងភាគច្រើនចូលសិក្សារៀនសូត្រនៅតាមសាលាដែលនៅកៀកៗផ្ទះរបស់ខ្លួន ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានថ្លែងថា តែទោះជាយ៉ាងនេះក្តី វត្តអារាមនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំ ដោយវត្តខ្លះបានសាងសង់សាលាពុទ្ធិកសិក្សាសម្រាប់បង្ហាត់បង្រៀនព្រះសង្ឃផង និងបង្ហាត់បង្រៀនក្មេងដែលគ្មានលទ្ធភាពសិក្សារៀនសូត្រនៅសាលាខាងក្រៅផង។ ជាក់ស្តែង សាលាពុទ្ធិកបឋមសិក្សា បានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ នឹងក្លាយជាទីដ៏មានប្រយោជន៍សម្រាប់បម្រើទាំងវិស័យ សាសនា និងវិស័យអប់រំ ក្នុងខេត្តកំពង់ធំ ។

សូមបញ្ជាក់ថានៅឆ្នាំ២០២០ ដល់ឆ្នាំ២០២២ កសាងសាលាពុទ្ធិកបឋមសិក្សា១ខ្នងកំពស់២ជាន់ ទំហំបណ្តោយ២០ម៉ែត្រ និងទទឹង៨.៥ម៉ែត្រ ចំណាយថវិកាសរុប ៧៧.១៥០ដុល្លា រសហរដ្ឋអាមេរីក ព្រះគ្រូចៅអធិការបានទូទាត់មួយចំណែកធំ នៅជំពាក់គេ៨.៣៧៥ដុល្លា។