ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ឧបត្ថម្ភអង្ករចំនួន៣តោន ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់សកម្មភាពមនុស្សធម៌

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអង្ករចំនួន៣តោន មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់បន្តសកម្មភាពមនុស្សធម៌ ជួយដល់អតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ។

ឯកឧត្តម ស៊ិន វីរៈ បានមានប្រសាសន៍ថា ដោយឃើញពីសកម្មភាពដ៏មមាញឹករបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី ដែលបានខិតខំបំពេញភារកិច្ចជួយដោះស្រាយនូវរាល់ការលំបាករបស់អតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ព្រមទាំងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ  ។ ថ្ងៃនេះ ក្នុងការចូលរួមចំណែកជួយដល់សង្គមជាតិ និងក្នុងសកម្មភាពមនុស្សធម៌ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បាននាំយកនូវអង្ករចំនួន៣តោន ជាលើកទី២ ដើម្បីប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាពមនុស្សធម៌ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ព្រមទាំងព្រះរាជអាជ្ញារង និងសហការីទាំងអស់ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់សកម្មភាពមនុស្សធម៌ របស់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលកន្លងមក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការីទាំងអស់ បានប្តេជ្ញាចិត្តនាំយកអង្ករចំនួន៣តោន ដែលបានប្រគល់ជូននៅពេលនេះ ទៅឧបត្ថម្ភឲ្យដល់ដៃជូនដល់បងប្អូនក្រុមគ្រួសារ អតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរឯកឧត្តម ស៊ិន វីរៈ និងលោកជំទាវ ព្រមទាំងសហការី ទាំងអស់និងក្រុមគ្រួសារ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕