សេនីយ៍ទោ សោម ស៊ុន អញ្ជើញ​សម្ពោធអគារពុទ្ឋិក:បឋមសិក្សា និងសមិទ្ធផលនានា ដែលមានតម្លៃជិត៣០ម៉ឺនដុល្លា នៅវត្តបុទុមរតន៍ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ព្រះតេជគណព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះស្ថាបារមីព្រះមេគណខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងលោកជំទាវ បានដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាន ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមជាអធិបតីភាព និងជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា និងសមិ ទ្ធផលនានាដែលមានតម្លៃជិត ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកនៅវត្តបុទុមរតន៍  ហៅវត្តក្រចាប់ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ពេជ្រ សៀងលី ជំទប់ទី១ សង្កាត់អាចារ្យលាក់  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍និងរាយការណ៍អំពីជីវប្រវត្តិសង្ខេប ព្រមទាំងលទ្ធផលនៃការកសាងសមិទ្ធផលនានា ដែលមានតម្លៃចិត្ត ៣០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះមានសាលាពុទ្ធិកៈបឋមសិក្សាមួយខ្នង ដែលមានទំហំ១៥ម៉ែត្រ គុណនិង២៥ ម៉ែត្រ មានកម្ពស់២ជាន់ ដែលមានតម្លៃជាទឹកប្រាក់ក្នុងការកសាង ចំនួន ២៥២,០០០ ដុល្លារសហរដ្ឋអាមេរិក នៅក្នុងវត្តបុទុមរតន៍ហៅវត្តក្រចាប់  ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះព្រះគ្រូចិត្តគុត្តោ ជុំ ម៉ាប់ព្រះគ្រូចៅអធិការវត្តបុទុមរតន៍ហៅវត្តក្រចាប់ និងគណៈកម្មការអាចារ្យ  ព្រមទាំងពុទ្ធបរិស័ទចំណុះ ជើងវត្តក្រចាប់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងសាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានា ដែលចំណាយថវិកាប្រមាណជាង៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ក្នុងនោះដែរនាយទាហាន នាយទាហានរងនិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ក៏បានចូល រួមបច្ច័យមួយចំនួនក្នុងការកសាងសមិទ្ធផលនានា នៅក្នងទីអារាមនេះផងដែរ ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា វត្តក្រចាប់ត្រូវបានកសាងឡើងនៅឆ្នាំ១៩១៥ ដែលមកដល់ ពេលនេះមានអាយុកាល ១០៨ ឆ្នាំមកហើយ ដោយលោកអាចារ្យ ប៊ុន និងលោកយាយកេះ ដែលបានដឹកនាំធ្វើបុណ្យនិងកសាងវត្តនេះឡើង ។ប៉ុន្តែក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជ សាសន៍ ប៉ុល ពត អៀងសារី ខៀវ សំផន ពួកវាបានបំផ្លាញដល់ឫសគល់លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាត្រូវបានចាប់ផ្សឹកព្រះ សង្ឃ បំផ្លាញចោលវត្តអារាម ដោយយកពីវត្តអារាមជាកន្លែងធ្វើទារុណកម្មមនុស្ស និងចិញ្ចឹមសត្វ ។ ក្រោយឆ្នាំ១៩៧៩ ក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះអាយុជីវិតប្រជាជនកម្ពុ ជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត  ។ បច្ចុប្បន្ននេះយើងមានវត្តអារាមជាងប្រាំពាន់វត្ត និងព្រះសង្ឃមានជិតប្រាំពីរម៉ឺនអង្គ ព្រមទាំងវិស័យផ្សេងៗទៀតបានរីកចម្រើនលូតលាស់គួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាព  ។

បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន  បានអញ្ជើញប្រគេននិងបំពាក់គ្រឿងឥស្សរិយយស ជូនព្រះសង្ឃនិងពុទ្ធបរិស័ទ្ឋដែលបានចូលរួមបច្ច័យក្នុងការកសាងសាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានានៅក្នុងវត្តនេះផងដែរ ព្រមទាំងបាននិមន្ត និងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានា នៅក្នុងវត្តបុទុមរតន៍ ចាប់ពីពេលនេះតទៅ ។