រដ្ឋបាលក្រុងបាត់ដំបង សហការជាមួយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា រៀបចំយុទ្ធនាការ សមភាពលំនៅឋានដើម្បីគាំទ្រ ដល់ប្រជាពលរដ្ឋរស់នៅលើសំណង់បណ្តោះអាសន្ន

0

ខេត្តបាត់ដំបង ÷ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា សហការជាមួយរដ្ឋបាលក្រុងបាត់ដំបង បានរៀបចំ យុទ្ធនាការមួយ ឈ្មោះ សមភាពលំនៅឋានដែលធ្វើឡើង នៅចុងសប្តាហ៍នេះនៅតាមសហគមន៍មួយចំនួនក្នុង ក្រុង បាត់ដំបង ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋរស់នៅលើសំណង់បណ្តោះអាសន្ន ។

លោក តែម ផារ័ត្ន ប្រធានកម្មវិធីអភិវឌ្ឍន៍ដីធ្លីលំនៅឋាននិងទីក្រុងនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានអោយដឹងថា យុទ្ធនាការសមភាពលំនៅឋាននេះ មានរៀបចំនូវកម្មវិធីនៃក្តីសង្ឃឹម ដែលប្រជាពលរដ្ឋក្នុងសហគមន៍ សំណង់់បណ្តោះអាសន្ននឹងចូលរួមជាមួយសិល្បករ ក្នុងក្រុងបាត់ដំបងបង្កើតផ្ទាំងគំនូរតាមចិញ្ចើមផ្លូវប្រកបដោយភាពឆ្នៃប្រឌិតដើម្បីបង្ហាញ ក្នុងសហគមន៍។ ផ្ទាំងគំនូរសិល្បៈ៤ផ្ទាំងនឹងត្រូវដាក់តាំងបង្ហាញជាសាធារណៈ នឹងបង្ហាញនូវក្តីសង្ឃឹមនឹងសេចក្តី ប្រាថ្នា ក្នុងអនាគតរបស់គាត់ អាចទទួលបានលំនៅឋានប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ។
អ្នកស្រី យក់ណំ អាយុ៥១ឆ្នាំ ពិការជើងទាំងពីរ ជាកីឡាករជម្រើសជាតិមួយរូបបានចូលរួមប្រកួតកីឡាវាយប៉េងប៉ុង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ថ្មីៗនេះដោយទទួលបានមេដៃសម្រិត ហើយស្វាមីរបស់អ្នកស្រីក៏បានចូលប្រកួត ក្នុងកម្មវិធី នេះដែរលើវិញ្ញាសារលេងអុក តែមិនទទួលបានជ័យជំនះនោះទេ។
អ្នកស្រីយក់ណំ ក៏ជាប្រជាពលរដ្ឋម្នាក់ក្នុង ចំណោមប្រជាពលរដ្ឋជាច្រើន គ្រួសារដែលរស់ នៅលើសំណង់បណ្តោះអាសន្ន ក្នុងសហគមន៍វាសនាអមតៈ ស្ថិតនៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបងផងដែរ ។
អ្នកស្រីសម្តែងក្តីរីករាយណាស់ដែលមានការរៀបចំអោយមានយុទ្ធនាការនេះឡើង ដើម្បីប្រកាសអោយអាជ្ញាធរក៏ដូចជាពិភពលោកបានដឹងពីគោលបំណង របស់ប្រជាពលរដ្ឋក្នុងសហគមន៍ អោយមានការអភិវឌ្ឍន៍នៅនឹងកន្លែង និងផ្តល់ប្លង់កម្មសិទ្ធិ រស់នៅស្របច្បាប់បើសិនជាអាជ្ញាធរ ចង់ដោះដូរទៅ នៅកន្លែងផ្សេងត្រូវរៀបចំកន្លែងណាមានទីផ្សារសាលារៀន មន្ទីរពេទ្យ ទឹកភ្លើង ផ្លូវថ្នល់សួនច្បារកំសាន្ត ដូចប្រជាជនផ្សេងទៀតដែរ ។
លោក សេក ចន្ត្រា អភិបាលរងក្រុងបាត់ដំបងដែលចូលក្នុងយុទ្ធនាការសមភាពលំនៅឋាននេះដែរបានអោយដឹងថា យុទ្ធនាការសមភាពលំនៅឋាននេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅ លើសំណង់បណ្តោះអាសន្ននេះ ហើយវាជាសារមួយបង្ហាញពីទឹកចិត្តរបស់ប្រជាពលរដ្ឋដែលពួកគាត់ចង់បាន និងអ្វីដែលធ្វើអោយជីវភាព របស់ពួកគាត់បានធូធារ ការរស់នៅមានភាពស្មើរគ្នារវាងគាត់និងប្រជាពលរដ្ឋទូទៅ ពិសេសអ្វីដែល ពួកគាត់ចង់ បានគឺកម្មសិទ្ធដីធ្លី និង ការអភិវឌ្ឍន៍នៅនឹងកន្លែង ។ លោកបន្ថែមថាយុទ្ធនាការនេះ វាជាសារមួយសម្រាប់ជូន ដល់ក្រុមការងារថ្នាក់ជាតិ ពិសេសថ្នាក់រាជរដ្ឋាភិបាលបានលឺបានដឹងនូវ អ្វីជាតម្រូវការ អ្វីជាសំណូមពររបស់ពួកគាត់ ដើម្បី ថ្នាក់ដឹកនាំធ្វើសេចក្តីសម្រេចចិត្តនៅជំហ៊ានបន្ទាប់ ។
លោកអភិបាលរងក្រុងបានអោយដឹងថាក្រុងបាត់ដំបងមានប្រជាជនជាង៣៨១៦គ្រួសារមនុស្សរាយ១៦ ១៩៨នាក់ ដែលរស់នៅលើសំណង់ បណ្តោះអាសន្ន ដោយចងក្រងជាសហគមន៍ចំនួន១៦ ក្នុងក្រុងបាត់ដំបង។ លោកបានមានប្រសាសន៍ថាអាជ្ញាធរយល់ច្បាស់ណាស់ពីការលំបាករបស់ប្រជាពលរដ្ឋរស់នៅសំណង់បណ្តោះអាសន្ននេះ គឺពិតជាមានការលំបាក ទាក់ទងប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រឈមសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព ពិសេសអ្នករស់នៅក្បែរ ប្រឡាយទឹកស្អុយមានក្លិនមិនល្អប៉ះពាល់ដល់សុខភាព ។ ចំពោះការលើកឡើងរបស់ ប្រជាពលរដ្ឋដែលចង់ អភិវឌ្ឍ៍នៅទី កន្លែងនេះក្នុងនាមអាជ្ញាធរក្រុងនឹងនាំយកសំណូមពរនេះដើម្បីបញ្ជូនដល់ថ្នាក់ដឹកនាំសុំគោលការណ៍សម្រេចចិត្តនៅពេលក្រោយ ។
លោកស្រី ប៊ឺណាដែត បូឡូឌូធី នាយិកាប្រចាំតំបន់មេគង្គនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ និងជានាយិកានៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានមានប្រសាសន៍អោយដឹងថា អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិមានដៃគូរជុំវិញ ពិភពលោកបានចាប់ផ្តើមយុទ្ធនាការរយៈពេល៥ឆ្នាំ ដែលមានឈ្មោះជាសមភាពលំនៅឋានឬ(Home Eguals) ដើម្បីស្វែងរកនៅការផ្លាស់ប្តូរគោលនយោបាយក្នុងកម្រិតក្នុងស្រុក ថ្នាក់ជាតិ និងពិភពលោកដើម្បីបង្កើនលទ្ធភាព ទទួលបានលំនៅឋានសមរម្យសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់សំណង់បណ្តោះអាសន្ន ៕ អត្ថបទ ÷ ព្រាប.ស