រយ:ពេលបីថ្ងៃនៃពិធីបុណ្យភ្ជំបិណ្ឌ ខេត្តកែបមានភ្ញៀវទេសចរមកសំរាក លំហែ ជាង៦ម៉ឺននាក់

0

ខេត្តកែប: ក្នុងរយះពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរបស់ខ្មែរយេីង សម្រាប់ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស អញ្ជើញមកលេងកំសាន្តតាមនៅរមណីដ្ឋាននានាទូទាំងខេត្ត មានចំនួនសរុប៦៣,០៦៦នាក់ (ភ្ញៀវជាតិ ៦២,១៩០នាក់ និងភ្ញៀវបរទេស៨៧៦នាក់) សម្រាប់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយមានភាពល្អប្រសេីរ។ នេះបេីតាមការលេីកឡេីងរបស់ លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។ ដោយឡែកបើតាមការលើកឡើងពី លោក ប៊ុន យោង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តកែប បានអោយដឹងផងដែរថា ក្រោមការបង្អុរបង្ហាញប្រកបដោយភាពវៃឆ្លាត ពីប្រមុខដឹកខេត្តកែប គឺ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប ដោយជានិច្ចកាល ឯកឧត្តម បានជំរុញដល់មន្ទីរ ស្ថាប័ននានា អោយចូលរួមអនុវត្តន៍តាមតួនាទីភារកិច្ច ពិសេសកិច្ចការពារ ពង្រឹងសន្តិសុខក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីធានាសុវត្ថិភាពដល់បងប្អូន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានមកសំរាក លំហែ កំសាន្ត នៅក្នុងតំបន់រមណីយដ្ឋានខេត្តកែប។ លោកបានបញ្ជាក់ទៀតថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយ:ពេលបីថ្ងៃនេះ ខេត្តកែបទទួលបានសុខ សុវត្ថិភាពល្អប្រសើរ គ្មានបញ្ហាណាមួយកើតឡើងគួរអោយកត់សំគាល់ឡើយ។ម្យ៉ាងទៀតក្រុមអ្នកទេសចរបានធ្វើដំណើរដោយរលូន គ្មានករណីកកស្ទះចរាចរនោះទេ។ ចំពោះកក្តាអនាម័យ យើងពុះពារប្រមូល ដឹកសំរាម កាកសំណល់បានទាន់ពេលវេលា ដោយមិនទុកបង្អាក់យូរឡើយ ហើយក្នុងរយ:ពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ខេត្តកែបមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍តែមួយករណី តែមិនធ្ងន់ធ្ងរទេ ពោលគឺករណីគ្រោះថ្នាក់បង្កដោយខ្លួនឯងប៉ុណ្ណោះ៕ សេង ណារិទ្ធ