អភិបាលខេត្តរតនគិរី ចុះចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជាង ១ពាន់ ៣០០វិញ្ញាបនបត្រ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងបានលុង

0

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានលុងជាង ១ពាន់គ្រួសារ ទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ១ពាន់៣១០ វិញ្ញាបនបត្រ ដោយស្របច្បាប់ពី អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន សម្រាប់យកទៅប្រើប្រាស់តាមតម្រូវផ្សេងៗ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបាលលុង ខេត្តរតនគិរី។

ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋទាំងជាង ១ពាន់វិញ្ញាបនបត្រ​នោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងទាំង៣   និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធ ផងដែរ។

ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី លោក លី ឧសភា បានឲ្យដឹងថា វិញ្ញាបនបត្រដែលត្រូវបានបែងចែកជូនប្រជាពលរដ្ឋនៅពេលនេះ មានចំនួន ១ពាន់ ៣១០ វិញ្ញាបនបត្រ ក្នុងនោះ ដីលំនៅឋានចំនួន ១ពាន់ ២០៤ វិញ្ញាបនបត្រ ដីកសិកម្ម ៩៨ វិញ្ញាបនបត្រ ដីរដ្ឋចំនួន ០៦ វិញ្ញាបនបត្រ ដីគណបក្សចំនួន ០១ វិញ្ញាបនបត្រ និងដីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចំនួន ០១ វិញ្ញាបនបត្រ ។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានកំណត់ការគ្រប់គ្រងដីធ្លី តាមរយៈការជម្រុញ ការចុះបញ្ជីដី រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីបំពេញបន្ថែម ការចុះបញ្ជីបន្ត ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ការចុះបញ្ជីដីរដ្ឋ ព្រមទាំង ផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនអ្នកកាន់កាប់ដី ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈច្បាប់។

លោកអភិបាលខេត្តរតនគិរី បានបន្តថា រាជរដ្ឋភិបាល បានដាក់ចេញនូវវិធានការទប់ស្កាត់ ការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងបន្តពិនិត្យធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលជាក់ស្ដែង ព្រមទាំងការជម្រុញការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ និងការដោះស្រាយតាមរយៈ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខេត្ត និងថ្នាក់ជាតិ ផងដែរ។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានបញ្ជាក់ថា កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវបានកំណត់ជាអាទិភាព ហើយអាចដំណើរការបានដោយជោគជ័យអាស្រ័យដោយមានការចូលរួមអនុវត្តពីអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីដែលពាក់ព័ន្ធ។

លោក ញ៉ែម សំអឿន បានបញ្ជាក់ទៀតថា​ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលពុកម៉ែទទួលបាននាពេលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់បងប្អូនជាម្ចាស់កម្មសិទ្ធិ ដែលអាចបញ្ជាក់ពីសិទ្ធិស្របច្បាប់នៃការរស់នៅ និងកាន់កាប់ដីធ្លីមានភាពច្បាស់លាស់ រវាងព្រំប្រទល់ដីជាប់គ្នា លុបបំបាត់នូវវិវាទដីធ្លី អាចយកទៅតតាំងជាមួយតតិយជន អាចយកទៅដាក់បានប្រាក់ (ខ្ចីប្រាក់) ពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអាចយកទៅប្រើប្រាស់ផ្សេងៗ តាមដែលអាចធ្វើបាន ៕ដោយ៖ឡុង សំបូរ