បុរសវ័យជាង៣០ឆ្នាំម្នាក់ បានស្លាប់នៅក្នុងរណ្តៅរ៉ែមាស សង្ស័យពុលសារជាតិគីមី នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ បុរសកម្មកររ៉ែមាសម្នាក់ ដែលមានវ័យ ៣៦ឆ្នាំ បានរងការស្លាប់នៅក្នុងរណ្តៅរ៉ែមាសមួយកន្លែងគួរឲ្យសង្វែក ព្រោះតែជីវភាព និងការប្រកបរបរចិញ្ចឹមជីវិត និងគ្រួសារ។ រីឯការស្លាប់របស់បុរសនោះ ត្រូវគេសង្ស័យថា អាចខ្វះឧកស៊ីសែន បណ្តាលមកពីសារជាតិគីមីពុល និងខ្វះបច្ចេកទេសក្នុងការយករ៉ែមាស និងរអិលជើងធ្លាក់ចូលក្នុងរណ្តៅ ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានជម្រៅជ្រៅ នាម៉ោងប្រមាណ ៧ និង៥០នាទី យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅខាងក្រោយផ្ទះម្ចាស់រណ្តៅរ៉ែមាស ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

អធិការនគរបាលស្រុករវៀង លោកវរសេនីយ៍ទោ លឹម  អង់អាច បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំលេង បានដឹងនាំកម្លាំងនគរបាលជំនាញ និងគ្រូពេទ្យ ចុះពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពជនរងគ្រោះ ផងដែរ។ លោកថា ក្រោយការពិនិត្យ មន្ត្រីនគរបាលជំនាញបានរកឃើញ មានស្នាកបែករយៈ ១កន្លែង ៣ជុង ដោយសារត្រូវនឹងវត្ថុរឹងជម្រៅ ១សង់ទីម៉ែត្រកន្លះ ដៃទាំងពីរក្តាប់ ស្លាប់អង្គុយ និងនៅជុំវិញដងខ្លួន ពុំមានស្នាមអ្វីផ្សេងទៀតនោះទេ។

ក្រោយការធ្វើកោសល្យវិច្ច័យ គ្រូពេទ្យ និងមន្ត្រីជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះដែលមាន ឈ្មោះ ចែន ភក្តី ហៅ ភ័ក្រ្ត ភេទប្រុស  អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានស្លាប់ដោយសារការធ្វេសប្រហែស ដោយធ្លាក់ក្នុងរណ្តៅរ៉ែមាស បណ្តាយឲ្យស្លាប់ខ្លួនឯងពិប្រាកដ។

ជុំវិញការស្លាប់របស់ជនរងគ្រោះ ចែន ភក្តី នេះ កូនប្រុសម្ចាស់ផ្ទះ ដែលជាម្ចាស់រណ្តៅរ៉ែមាស លោក យ៉ន ដារ៉ា ហៅ ចិន បានបំភ្លឺថា ជនរងគ្រោះបានបបួលខ្លួនគេ ចូលយកអាចម៌ដីរ៉ែមាស នៅក្នុងរណ្តៅរ៉ែមាស ដែលគេបានទុកចោលជាយូរមកហើយ នៅម៉ោងប្រមាណ ៤ទៀបភ្លឺ។ លោកបន្តថា លុះដល់ម៉ោងប្រមាណ ៤ និង៣០នាទីទៀបភ្លឺ ជនរងគ្រោះ ឈ្មោះ ភ័ក្ត្រ បានចុះទៅក្នុងរណ្តៅមាសនោះតាមខ្សែរពួរ ដោយភ្ជាប់ទៅជាមួយ មានញញួរ១ ដែកដាប់ថ្ម១ និងធុង១ ដើម្បីដាប់យករ៉ែមាស។

លោក យ៉ន ដារ៉ា បានបន្តថា ក្រោយការចុះបានមួយសន្ទុះ គេបានលឺសម្លេងស្រែកឲ្យជួយគាត់ផង ព្រោះគាត់បានពុលហើយ ខណៈនោះគេក៏បានចុះតាមខ្សែពួរជិតដល់ជនរងគ្រោះ នៅចម្ងាយប្រហែល ២ម៉ែត្រ គេក៏បានបោះខ្សែពួរឲ្យជនរងគ្រោះចាប់ តែចាប់មិនជាប់ ហើយក៏បានធ្លាក់ពីលើអន្ទារដែលគេដាក់សម្រាប់ឈរ ឬអង្គុយដាប់យករ៉ែមាស ទៅបាតអណ្តូង ដែលមានជម្រៅទឹកប្រហែល ៧ទៅ ៨ម៉ែត្រ ។ បន្ទាប់មកគេ (យ៉ន ដារ៉ា) បានប្រញាប់ឡើងមកលើអណ្តូងវិញ និងបានទូរស័ព្ទហៅគេឯង អ្នកភូមិមកជួយ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

កូនស្រីម្ចាស់ផ្ទះ និងជាម្ចាស់រណ្តៅមាស បានបំភ្លឺប្រាប់អ្នកសារព័ត៌មានបន្ថែមថា រណ្តៅមាសដែលបង្កឲ្យមានមនុស្សស្លាប់នោះ គឺជារបស់ឪពុកនាង ដែលបានទុលចោលជាយូរមកហើយ តែជនរងគ្រោះបានមកលួចធ្វើ ដោយម្ចាស់ផ្ទះមិនបានដឹងនោះទេ ចំណែក ការស្លាប់របស់ជនរងគ្រោះ ក៏មិនជាប់ពាក់ព័ន្ធជាមួយនឹងម្ចាស់ផ្ទះនេះដែរ។

ដោយឡែក ភរិយា ជនរងគ្រោះ បាននិយាយថា គាត់មិនយល់ស្របនឹងការលើកឡើងថា ប្តីគាត់បានមកលួចចូលធ្វើរណ្តៅមាសនេះទេ បើម្ចាស់ផ្ទះមិនហៅ ក៏គ្មាននរណាហ៊ានចូលមកធ្វើនោះដែរ។

ក្រោយការពិនិត្យសាកសពជនរងគ្រោះរួច សមត្ថកិច្ច និងមន្ត្រីពេទ្យជំនាញ បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទុកដាក់ទៅតាមប្រពៃណី៕ដោយ៖ឡុង សំបូរ