រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានក្រើនរំលឹកដល់ប្រធានសាលាដំបូង និងអយ្យការខេត្តថ្មី និងមន្ត្រីនគរបាលយុត្តិធម៌ ខេត្តស្ទឹងត្រែងទាំងអស់ ឱ្យពង្រឹងប្រសិទ្ធភាពលើការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងសុច្ចរិតភាពខ្ពស់

0

ខេត្តស្ទឹងត្រែង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែង ក្រើនរំលឹក ដល់ប្រធានតុលាការខេត្ត និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងថ្មីខេត្ត និងមន្ត្រីនគរបាលយុត្តិធម៌ ខេត្តស្ទឹងត្រែងទាំងអស់ ឱ្យរួមគ្នាពង្រឹងប្រសិទ្ធភាពលើការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងសុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ ឱឲ្យបានខ្ជាប់ខ្ជួន។

ប្រសាសន៍ដាស់តឿនរបស់ លោក កើត រិទ្ធ បានធ្វើឡើងក្នុងគ្រាដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅសាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង។

ពិធីនោះទៀតក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ (រដ្ឋលេខាធិកា ,អនុរដ្ឋលេខាធិកា ,សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) ,អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ,ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ,មន្ត្រីរាជការជុំវិញខេត្ត និងកងកម្លាំងទាំង៣ ក្នុងខេត្តស្ទឹងត្រែង ផងដែរ។

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នាពេលនោះ ៖ ប្រធានសាលាដំបូងខេត្តស្វាយរៀង លោក ឌិន ស៊ីវុទ្ធី ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជំនួស លោក យ៉ា ណារិន ដែលត្រូវបានតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ,លោក កែវ សុធា ប្រកាសចូលកាន់មុខតំណែងជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ជំនួស លោក ជេត ខេមរា ដែលត្រូវបានតែងតាំង និងចូលកាន់មុខតំណែងជា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែង លើកទឹកចិត្តចំពោះស្ថាប័ន អង្គភាព ផ្នែកមានសមត្ថកិច្ច និងមន្ត្រីរាជការទាំងអស់នៃខេត្តស្ទឹងត្រែង ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មឥតរួញរា ក្នុងការរួមចំណែកអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅធានាបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាព មានភាពរស់រវើក រីកចម្រើនទាំងជីវភាពរស់នៅ និងសុខដុមរមនា ជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា និងដោយឡែកសម្រាប់ខេត្តស្ទឹងត្រែង។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែង ដោយផ្តល់ការជឿជាក់ថា សាលាដំបូងខេត្តស្ទឹងត្រែង នឹងយកចិត្តទុកដាក់បំពេញការងារតាមសមត្ថកិច្ចជំនាញ និងវិជ្ជាជីវៈ ក្រមសីលធម៌ការងាររបស់ខ្លួន ឱ្យទទួលបានជោគជ័យតាមបំណងប្រាថ្នា របស់ស្ថាប័ន និងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋបានល្អប្រសើរជាក់ជាពុំខានឡើយ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ថា មន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

លោករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែង ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការខេត្ត មន្ត្រីនគរបាលយុត្តិធម៌ ក៏ដូចមន្ត្រីរាជការក្នុងខេត្តទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ដើម្បីឲ្យការកែទម្រង់វិស័យយុត្តិធម៌ ទទួលបានជោគជ័យ។ ម្យ៉ាងវិញទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទ ទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើវិស័យយុត្តិធម៌នៅកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ឡុង សំបូរ