ក្រុមប្រឹក្សាខេត្តកំពង់ចាម បេីក អង្គ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅ ស្រុក កងមាស ទទួល ដោះស្រាយ បញ្ហា ផ្សេងៗ ចំនួន ៧ករណី

0

កំពង់ចាម: ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប ចំនួន ៧ករណី ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ធ្វើការ ដោះស្រាយ ភ្លាមៗ បាន ចំនួន ៤ករណី នៅ សេសសល់ ៣ករណី ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ០២៣ នៅវត្តមុនីវ័ន (វត្តស្វាយស្រណោះ) ស្ថិត ក្នុង ភូមិស្វាយស្រណោះទី២ ឃុំរកាអារ ស្រុកកងមាស ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គន់ សុភា អភិបាលរងខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាង របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម គន់ សុភា បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន ការ ស្នេីសុំ សមត្ថកិច្ច ជំនាញ ចុះ បង្ក្រាប បទល្មើស នេសាទ ដោយ ប្រេីប្រាស់ សាច់ អួន ក្រឡា ញឹក ក្នុង តំបន់ P6 និង ឧបករណ៍ ឆក់ នៅ តាម ដង ទន្លេ មេគង្គ ស្នេីសុំ មន្ត្រី ជំនាញ បសុព្យាបាលចុះ ចាក់វ៉ាក់សាំង ការពារ ជម្ងឺ សត្វ ពាហនៈ ស្នេីសុំ មន្ត្រី ជំនាញ កសិកម្ម ចុះ បង្រៀន ណែនាំ អំពី វិធីសាស្ត្រ នៃការ ដាំដុះ និង ថែទាំ ដំណាំ ផ្សេងៗ ព្រមទាំង ស្នេីសុំ បញ្ចុះ ថ្លៃ ប្រេីប្រាស់ ទឹក ស្អាត ឱ្យ ស្ថិត នៅ ក្នុង តម្លៃទាប និង ស្នេីសុំ ពង្រីក បណ្ដាញ អគ្គិសនី ផងដែរ ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជាមួយគ្នានោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ យេីង បានពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផងដែរ ៕