សម្ដេចតេជោ ហ៊ុន សែន ចាត់អ្នកតំណាងយកអំណោយជូនដល់កុមារីដែលកំព្រាឪពុកម្ដាយមានពិការភាពនៅស្រុកស្ទោង

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣លោក ឡាច សំរោង ជំនួយការឯកឧត្តមបណ្ឌិតអ្នកឧកញ៉ាលី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន យកមកជូនដល់កុមារីឈ្មោះ ម៉ុក សុឃីម ដែលកំព្រាឪពុកម្ដាយ មានពិការភាពជាប់ខ្លួន រស់នៅតែពីរនាក់ជីដូនចាស់ជរានៅក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ទាំងនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សុខទុក្ខក្មួយៗ កូនចៅ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងមានពិការភាពជាប់ខ្លួន នៅគ្រប់មូលដ្ឋាន និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់អាជ្ញាធរមូលដ្ឋាន។ ជាពិសេសលោកអភិបាលស្រុកស្ទោងផ្ទាល់តែម្ដង តែងតែចុះជួបនឹងជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតគ្រប់ៗគ្នា។

ជាមួយគ្នាដែរកុមារីឈ្មោះ ម៉ុក សុឃីម និងជីដូនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់របស់សម្ដេច និងក្រុមការងារដែលបាននាំយកអំណោយមកចែកជូនដល់គាត់នៅក្នុងឱកាសនេះ សូមប្រសិទ្ធិពលជ័យដល់សម្ដេចទាំងពីរព្រមទាំងកូនចៅទទួលបាននូវពុទ្ធពរទាំងបួនប្រការ។

លើសពីនេះកុមារីឈ្មោះ ម៉ុក សុឃីម ក៏បានអំពាវនាវដល់សប្បុរសជនជាតិឆ្ងាយ ក៏ដូចជាក្រុមគ្រូពេទ្យចំណាន និងសម្ដេចតេជោមហ៊ុន សែន សូមបន្តជួយគាំទ្រគាត់ទាំងផ្នែកជីវភាព ជាពិសេសជួយនាំគាត់ទៅព្យាបាលជំងឺដុះសាច់ក្នុងខួរក្បាលឱ្យបានជាសះស្បើយ ដើម្បីបានបន្តការសិក្សារៀនសូត្រទៅមុខទៀត។

ទន្ទឹមនិងនេះដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដែលសម្ដេចទាំងទ្វេ បានជួយកុមារី ម៉ុក សុឃីម នៅពេលនេះ ក៏ដូចជាការជួយយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខវេទនាឬក៏ដាច់បាយស្លាប់ ដោយសម្តេច អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធពុំបានដឹងនោះឡើយ។

គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនដល់កុមារីឈ្មោះ ម៉ុក សុឃីម នៅពេលនេះរួមមានថវិកាចំនួន១លាន ៦០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម  ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម