រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសអភិរក្ស និងជួសជុលរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក នៅសារមន្ទីរខេត្តកំពង់ធំ

0

 កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ឯកឧត្តម អូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យ Nakagawa Takeshi ប្រធានគម្រោងអភិរក្សសំបូរព្រៃគុក នៃសាកលវិទ្យាល័យវាសេដា ឯកឧត្តមអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើននាក់ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសអភិរក្ស និងជួសជុលរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក នៅសារមន្ទីរខេត្តកំពង់ធំ។

លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានលើកឡើងថា បច្ចុប្បន្ននេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានខិតខំបំពេញភារកិច្ចស្នូលដែលឆ្លើយតបទៅនឹងគោលនយោបាយ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលផ្តោតសំខាន់ទៅលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ បេតិកភណ្ឌរូបី និងអរូបី។ ដើម្បីមានមូលដ្ឋានក្នុងការគ្រប់គ្រង និងកិច្ចគាំពារបេតិកភណ្ឌនៅ ក្នុងខេត្ត មន្ទីរបានចុះបញ្ជី និងគ្រប់គ្រងការពារស្ថានីយបុរាណចំនួន ៥៩០ ស្ថានីយ ដោយមិន រាប់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រៅពីការងារសួវ័លនេះ មន្ទីរបានសហការជាមួយ នាយកដ្ឋានបុរាណវត្ថុចុះបញ្ជីបុរាណវត្ថុក្រៅឃ្លាំង បានចំនួន ៩០៣ វត្ថុ។

ក្រៅពីភារកិច្ចស្នូលរបស់មន្ទីរលោកប្រធានបានបញ្ជាក់ជូនផងដែរ ថា ចាប់តាំងពីឆ្នាំ១៩៩៨មក មន្ទីរបានចូលរួមសហការជាមួយ សាកលវិទ្យាល័យវ៉ាសេដា លើ ការងារស្រាវជ្រាវផ្នែកបុរាណវិទ្យាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងបានចូលរួមយ៉ាងសកម្ម លើការជួសជុលអភិរក្សប្រាសាទសំបូរព្រៃគុក ការហ្វឹកហ្វឺន និងការបណ្តុះបណ្តាលនានា។ ល។ កិច្ចសហការនេះ បានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីការបង្កើតឱ្យមានអាជ្ញាធរ ជាតិសំបូរព្រៃគុក។ ដូច្នេះហើយទើបទិន្នន័យនៃការសិក្សាស្រាវជ្រាវកន្លងមក រវាងអ្នកជំនាញ ការជប៉ុន និងកម្ពុជា គឺជាប្រភពដ៏សំខាន់មួយផ្នែក ដែលញ៉ាំងឱ្យតំបន់ប្រាសាទសំបូរព្រៃគុក បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

នៅក្នុងកម្មវិធីនេះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា អស់រយៈកាលជាងពីរទសវត្សរ៍កន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានកិច្ចសហការដ៏ល្អមកពីសាកលវិទ្យាល័យវាសេដា នៃប្រទេសជប៉ុន ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យបណ្ឌិត ដើម្បីចុះមកបណ្តុះបណ្តាលក្រុមការងារ និងនិស្សិតខ្មែរមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានខិតខំស្វែងរកថវិកាជួយគាំទ្រដល់ដំណើរការស្រាវជ្រាវ បណ្តុះបណ្តាលអភិរក្ស និងជួសជុលនៅរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក។ កិច្ចការជួសជុល និងអភិរក្ស បេតិកភណ្ឌ គឺជាការងារគ្មានទីបញ្ចប់ និងទាមទារឲ្យមាននូវធនធានថវិកា និងមនុស្ស ដើម្បីបន្តនិរន្តភាពនៃការអភិរក្សជួសជុលទាំងនោះ។

លោកជំទាវ មានប្រសាសន៍បន្តទៀតថា សមិទ្ធិផលនៃការសាងសង់អគារបណ្តុះបណ្តាលចំនួន០៣ខ្នង គឺជាភស្តុតាងមួយបង្ហាញពីការយកចិត្តទុកដាក់របស់សាលកវិទ្យាល័យក្នុងការអនុវត្តគម្រោង ប្រកបដោយចីរភាព។ អគារទាំង០៣នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់បន្តវេនក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទនានានៅរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក និងសំណង់បុរាណនានានៅក្នុងខេត្តកំពង់ធំនាពេលអនាគត។ កិច្ចការបណ្តុះបណ្តាលជំនាញជួសជុលអភិរក្សនេះ គឺឆ្លើយតបទៅនឹងគោនយោបាយរបស់រាជរដ្ឋាភិបាលអាណ្ឌត្តិទី៧នេះ ដែលបានផ្តល់លទ្ធភាពឲ្យក្រសួងបណ្តុះបណ្តាល ជំនាញរហូតដល់ទៅ២%ក្នុងអាណត្តិថ្មីនេះ។

លោកជំទាវបានជំរុញនិងលើកទឹកចិត្ត្តដល់អ្នកចូលរួមគឺ ផ្អែកលើមូលដ្ឋាននៃគោលនយោបាយនេះ  ថ្នាក់ដឹកនាំ និងមន្ត្រីរបស់មន្ទីរ និងអាជ្ញាធរជាតិសំបូរព្រៃគុកសូមចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់គម្រោងនៃការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញដ៏កម្រនេះ ហើយត្រូវនាំគ្នាជួយថែរក្សាសម្បត្តិទ្រព្យទាំងឡាយដែលទើបទទួលបានពីគម្រោងសហការនេះ។ ជាពិសេសអគារទាំង០៣ និងគ្រឿងសង្ហារឹមទាំងឡាយដែលនឹងត្រូវបំពាក់នាពេលឆាប់ៗខាងមុខនេះ។ ខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនជប៉ុន ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរនារយៈពេលកន្លងមក។ អត្ថបទលោក ធូ កែវមុន្នី-កែសម្រួលដោយអ៊ុមញឹប។

 

 

វេលាឡើយ។