អាជ្ញាធរខេត្តកំពតគ្រោងកែលម្អ និងអភិវឌ្ឍន៍បន្ថែមទីតាំងសំខាន់ៗចំនួន៤ក្នុងក្រុងកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងឆ្នាំ២០២៤

0

កំពត់៖ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង៩ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពីកម្ពុជាបានគ្រប់គ្រងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើ កំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏មានការកើនឡើងជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយឡែកខេត្តកំពតក៏មានកំណើនភ្ញៀវទេសចរគួរឱ្យកត់សម្គាល់ផងដែរ។ ទន្ទឹមនឹងនោះ ខេត្តកំពតក៏មានសន្ទុះនៃការកើនឡើង ក៏ដូចជាការពង្រីកបន្ថែមនូវតំបន់ទេចរណ៍ កន្លែងផ្តល់សេវាកម្មផ្នែកទេសចរណ៍ដែលមានភាពទាក់ទាញជាច្រើនកន្លែង ដែលនេះក៏ជាកត្តាមួយរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្ត។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងការរីកចម្រើនក្នុងវិស័យទេសចរណ៍នេះ រដ្ឋបាលខេត្តកំពតគ្រោងនឹងកែលម្អ និងអភិវឌ្ឍន៍បន្ថែមនៅទីតាំងចំនួន៤ សំខាន់ៗក្នុងក្រុងកំពតបន្ថែមទៀត ដើម្បទាក់ទាញភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ខាមុខ ដែលទីតាំងទី១ គឺវ៉េរ៉ង់ដានៅខាងមុខសាលាខេត្តចាស់ នឹងត្រូវតុបតែងលម្អដោយមានរូបសេះសមុទ្រដែលបំពាក់ទៅដោយភ្លើងពណ៌ និងមានការបាញ់ទឹកផងដែរ ទីតាំងទី២ ចន្លោះពីស្ពានថ្មថ្មី ទៅដលើស្ពានដែក(ស្ពានរថភ្លើង) គឺនឹងអភិវឌ្ឍន៍ទៅជាសួនកម្សាន្តមួយនៅចំកណ្តាលក្រុងកំពត ទីតាំងទី៣ រដ្ឋបាលខេត្តនឹងរៀបចំផែទូកទេសចណ៍ឱ្យបានស្អាត និងមានភាពទាក់ទាញ និងទីតាំងទី៤ នឹងមានការក្រាលការ៉ូម៉ាបភ្ជាប់ពីរូបសំណាក់ព្រះបាទអង្គដួងរហូតមកដល់សួនមុខរង្វង់មូលត្រីផ្សោត។ មិនតែប៉ុណ្ណោះរដ្ឋបាលខេត្តនឹងរៀបចំឆ្នេរកោះស្មៅឱ្យមានសោភ័ណ្ឌភាពស្អាតបន្ថែមទៀត ការស្តារឃ្លងផែទេសចរណ៍ឱ្យបានធំ ព្រមទាំងមានគម្រោងក្នុងការបង្កើតឆ្នេរសមុទ្រថ្មីមួយផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានស្នើដល់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ចូលរួមគិតគូរ ផ្តល់មតិយោបល់ ក៏ដូចជាគាំទ្ររាល់គម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋបាលខេត្ត ក្នុងន័យដើម្បីទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍។ ឯកឧត្តមបានបន្តថា រាល់ការអភិវឌ្ឍទាំងអស់គឺធ្វើឡើងដើម្បីទាញយកផលប្រយោជន៍ពីសក្តានុពលដែលខេត្តមាន ហើយផ្តល់ជូននូវប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងដើម្បីជួយឱ្យកំណើន ជីឌីភី (GDP) របស់ប្រជាពលរដ្ឋក្នុងខេត្តកំពតមានការកើនឡើងផងដែរ៕