តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការប្រុងប្រៀប និងការអនុវត្តស្វ័យបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារគ្រប់គ្រងយុទ្ធោបករណ៍ និងអចលនទ្រព្យ របស់កងទ័ព

0

 កំពង់ធំ÷ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្ដីពីវិធានការប្រុងប្រៀប និងការអនុវត្តស្វ័យបច្ចុប្បន្នភាពចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារគ្រប់គ្រងយុទ្ធោបករណ៍ និងការគ្រប់គ្រងអចលនទ្រព្យរបស់កងទ័ព ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤  និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្របកងឯកភាព និងនាយការិយាល័យស្ថាប័ន ចំណុះ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារស្វ័យបច្ចុប្បន្នភាព ចំនួនទ័ព ចំនួនកូន ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការគ្រប់គ្រងយុទ្ធោបករណ៍ អចលនទ្រព្យដីធ្លី សំណង់អាគារ និងគ្រឿងចក្រ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក  ព្រមទាំងបានណែនាំនូវតួនាទីភារកិច្ចមួយចំនួនក្នុងការអនុវត្តសេចក្តីសម្រេច របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានប្រគល់ជូនឲ្យទទួលបានជោគជ័យ។

បន្ទាប់មកនាយការិយាល័យស្ថាប័ន ដែលមានការពាក់ព័ន្ធ បានឡើងណែនាំអំពីភារកិច្ចតាមជំនាញនីមួយៗ ព្រមទាំងមានការចូលរួមយោបល់ ពិភាក្សាយ៉ាងល្អិតល្អន់ ពីសមាជិក សមាជិកា នៃអង្គប្រជុំ ដើម្បីងាយស្រួលក្នុងដំណើរការអនុវត្តឲ្យទទួលបានលទ្ធផលល្អនិងជោគជ័យតាមសេចក្តីណែនាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់សមាសភាពក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចស្របតាមសេចក្តីណែនាំ របស់បញ្ជាការដ្ឋានកងទ័ពជើងគោកឱ្យបានត្រឹមត្រូវ នឹងបានទាន់ពេលវេលាតាមផែនការដែលថ្នាក់លើបានកំណត់ ។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះទាំងអស់ ត្រូវសហការឲ្យបានល្អជាមួយក្រុមការងារ ដែលបានចាត់តាំងខាងលើនេះ ក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ឲ្យទទួលបានជោគជ័យ ។

ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តតាមសេចក្តីជូនដំណឹង របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យទទួលបានជោគជ័យ និងទាន់ពេលវេលាកំណត់ស្របតាមផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ៕