ឯកឧត្តម ងួន រតនៈ និងលោកជំទាវ បានចូលរួមដាំដើមឈើចំនួន៦២ប្រភេទ នៅសួនស្ទឹងសែន ខេត្តកំពង់ធំ

0

កំពង់ធំ÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីដាំដើមឈើចំនួន៦២ប្រភេទ ស្ថិតនៅសួនស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ពិធីដាំដើមឈើនៅសួនស្ទឹងសែននេះ គឺដើម្បីឱ្យមានសោភ័ណភាពនៅក្នុងក្រុងប្រកបដោយបរិយាកាសល្អបរិសុទ្ឋ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា ពិសេសសម្រាប់ក្រុមហាត់ប្រាណ មកហាត់ប្រាណដើម្បីសុខភាព ព្រោះនៅទីតាំងហាត់ប្រាណមានអនាម័យ មានដើមឈើគ្រប់ប្រភេទ ដើម្បីឱ្យបងប្អូនទាំងអស់មកលំហែកាយ និងថតរូបផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា រដ្ឋបាលខេត្តបានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលបានផ្ដល់ដើមឈើគ្រប់ប្រភេទ កូនឈើព្រៃ និងកូនឈើស្រុក ដាំទុក្ខសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើបានច្បាស់លាស់ និងកុំឱ្យផុតពូជ។ ដើមឈើជាប្រភេទធម្មជាតិមួយ ដែលជួយការពារនៅខ្យល់ព្យុះ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ សូមចូលរួមថែរក្សាការពារនៅសមិទ្ឋផលទាំងអស់នេះ ឱ្យបានគង់វង្ស និងបានល្អប្រសើរ ដើម្បីឱ្យខេត្តកំពង់ធំមានភាពស្រស់បំព្រង ពិសេសចូលរួមអភិវឌ្ឍសមិទ្ធផលមួយចំនួនដែលខេត្តកំពុងតែធ្វើផែនការបន្តទៀត នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា គណៈអធិបតី និងអ្នកចូលរួមទាំងអស់ ក៏បានដាំដើមឈើចំនួន៦២ប្រភេទ ដោយមានការទទួលខុសត្រូវ និងចូលរួមថែរក្សាដើមឈើនេះឱ្យបានគង់វង្សផងដែរ៕ អត្ថបទលោក ធូ កែវមុនី្ន