ប្រការគួរយល់ដឹង : គន្លងផ្លូវ៣ប្រភេទ នៃច្រកចេញចូលផ្លូវល្បឿនលឿន ដែលអ្នកបេីកបរត្រូវយល់ដឹង ដេីម្បីចៀសវាងការកកស្ទះ !

0

ភ្នំពេញ: ច្រកចេញចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជាបីគន្លង ដែលមានដូចខាងក្រោ៖-គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍ OBU នៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខមុននឹងប្រើប្រាស់។

-គន្លង ANPR ជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។

-គន្លង MTC (⬇️) តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។

សូមលើកចិត្តឱ្យបងប្អូនចូលរួមប្រើប្រាស់គន្លង ETC និង ANPR ឱ្យបានច្រើន ជាពិសេសការប្រើប្រាស់ទំនើបកម្មបច្ចេកវិទ្យាឌីជីថល ដោយបញ្ចូលសមតុល្យទឹកប្រាក់ជាមុនទៅក្នុងផ្លាកលេខយានយន្ត ដើម្បីកាត់បន្ថយការចំណាយពេលទូទាត់សាច់ប្រាក់នៅនឹងបញ្ជរ ដែលជាហេតុនាំឲ្យមានការកកស្ទះ និងការរីករាលដាលនៃជម្ងឺកូវីត-១៩ផងដែរ។

បងប្អូនត្រូវដឹងថារថយន្តរបស់ខ្លួនអាចចូលចេញគន្លងណាបាន អាស្រ័យតាមការណែនាំខាងលើ។ ប៉ុន្តែប្រសិនបើជ្រើសយកការប្រើប្រាស់គន្លង ETC ឬ ANPR សូមបងប្អូនបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវាពិតជាជួយសន្សំពេលវេលា និងផ្តល់ភាពងាយស្រួល។ សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh សម្រាប់ឈ្មោះគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ៕