បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រុងប្រៀបរៀបចំទិវាបុណ្យជាតិ៧មករា ខួបលើកទី៤៥

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០៤
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដំណើរការប្រជុំថ្នាក់ដឹកនាំនិងបណ្ដាការិយាល័យស្ថាប័នពាក់ព័ន្ធ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីពិភាក្សារៀបចំការប្រារព្ធទិវាបុណ្យជាតិ ៧មករា ខួបលើកទី៤៥(ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថ្ងៃ៧ មករា ឆ្នាំ២០២៤) ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា យើងមានសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃមហាជ័យជន្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលមានកងទ័ពរណៈសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេចមហាធម្មពោធិ៍សាល ជា ស៊ីម បានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត អៀងសារី ខៀវសំផន  នឹងបានការពារទប់ស្កាត់របបប្រល័យពូជសាសន៍នេះមិនឲ្យវិលត្រឡប់មកវិញបាន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ឆ្នាំនេះយើងប្រារព្ធពិធីនៃទិវាបុណ្យជាតិខួបលើកទី៤៥ ឆ្នាំ ថ្ងៃមហាជ័យជំន្នះ ៧មករានេះ ឱ្យមានភាពអធិកអធម ដោយត្រូវរៀបចំនៅបីទីតាំងដាច់ដោយឡែកពីគ្នា  ទីមួយ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវចូលរួមប្រារព្ធពិធីជាមួយថ្នាក់ជាតិ និងរដ្ឋបាលខេត្ត រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងតំណាងប្រជាពលរដ្ឋនៅទូទាំងខេត្ត នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ ទីពីរ យើងត្រូវប្រារព្ធពិធីនៅថ្នាក់ឃុំ ទាំងពីរឃុំ ដែលយើងជាក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលខុសត្រូវ  នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៤ និងទីបី ត្រូវបានប្រុងប្រៀបរៀបចំដំណើរការនៅវិមានរំលឹកគុណអតីតយុទ្ធជនពលី របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចឲ្យតាមបណ្ដាស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំកិច្ចការងារនេះ តាមភារកិច្ចរៀងៗខ្លួន ឲ្យទទួលបានជោគជ័យ។ ហើយជាមួយនេះផងដែរ ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព និងកងកម្លាំងទាំងអស់ ត្រូវសហការឲ្យបានល្អជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសខួបលើកទី ៤៥ឆ្នាំ នៃទិវាបុណ្យជាតិ៧មករា ឆ្នាំ២០២៤ នេះឲ្យទទួលបានជោគជ័យ៕ដោយ វេហាស៍