លោកស្រី ប៉ាង រ៉ាវី ជំរុញសមណៈសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អ

0

ព្រះវិហារ៖ ដំណើរការប្រឡងយកវិញ្ញាបនបត្រថ្នាក់ ត្រី ទោ ឯក ទូទាំងខេត្តព្រះវិហារ បំណាច់ឆ្នាំសិក្សា២០២៣-២០២៤ បានចាប់ផ្តើមហើយ ក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការនិមន្តចូលរួមប្រះមេគុណខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

លោកស្រី ប៉ាង រ៉ាវី បានលើកបង្ហាញនូវស្រោមសំបុត្រជាវិញ្ញាសារប្រឡង ដែលផ្ញើមកពីក្រសួងធម្មការ ជូនសមណៈសិស្សដែលជាបេក្ខជនទាំងអស់បានពិនិត្យ ពីភាពត្រឹមត្រូវ ដោយមានការបិទជិត និងមិនមានការរហែកនោះទេ ព្រមទាំងបានកាត់វិញ្ញាសារបើកដំណើរការប្រឡងតែម្តង ។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានថ្លែងប្រគេនដល់ព្រះសង្ឃគ្រប់អង្គ និងសមណៈសិស្សទាំងអស់ ធ្វើយ៉ាងណាខិតខំស្វែងយល់មេរៀនដែលត្រូវប្រឡង ដើម្បីយកទៅអនុវត្តនៅតាមវត្តដែលកំពុងស្នាក់នៅរៀងៗខ្លួន ពិសេសស្របពេលនឹងដំណើរការប្រឡង គឺមិនត្រូវចេញក្រៅរហេតរហូតនោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រឡង ក៏ដូចជាបទបញ្ញាផ្សេងៗផងដែរ ត្រូវរក្សាភាពស្ងៀមស្ងាត់ មិនត្រូវលួចចម្លងគ្នា ត្រូវសរសេរអក្សឱ្យបានច្បាស់នឹងត្រឹមត្រូវ ត្រូវខិតខំធ្វើយ៉ាងណាប្រឡងឱ្យបានជាប់ទាំងអស់គ្នា នឹងទទួលបានលទ្ធផលល្អ ។

បើតាមរបាយការណ៍របស់មន្ទីរធម្មការនិងសាសនាខេត្តព្រះវិហារ បានបញ្ជាក់ថា៖សម្រាប់ការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក គឺមានរយះពេលតែមួយថ្ងៃ ចាប់ផ្តើមពីម៉ោង៧.០០ ដល់ម៉ោង១៧.០០នាទីល្ងាច ហើយមណ្ឌុលប្រឡងមានចំនួន១ គឺមណ្ឌុលសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។ចំពោះការប្រឡងថ្នាក់ត្រីមាន៤បន្ទប់ មានសមណៈសិស្សចូលរួមប្រឡងចំនួន១១៩អង្គ/នាក់ ថ្នាក់ទោមាន៣បន្ទប់ មានសមណៈសិស្សចូលរួមប្រឡងចំនួន៨៧អង្គ/នាក់ និងថ្នាក់ឯកមានចំនួន២បន្ទប់ មានសមណៈសិស្សចូលរួមប្រឡងចំនួន៤៨អង្គ/នាក់ផងដែរ៕ សួន លីណា