ប្រមុខរាជរដ្ឋាភិបាល ផ្តល់អំណោយជូនអតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋក្រីក្រ ១០គ្រួសារ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ !

0

ដោយ៖ឡុង សំបូរ ខេត្តព្រះវិហារ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្តល់អំណោយដ៏ថ្លៃថ្លា ជាគ្រឿងឧបភោគ បរិភោគ ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ១០គ្រួសារ តាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ ពាំនាំការផ្ដាំផ្ញើរសួសុខទុក្ខ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមនឹងលោកជំទាវ ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់ ទៅលើបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលនៅពេលកន្លងមក បងប្អូនបានចូលរួមចំណែកក្នុងការកសាង រំដោះជាតិមាតុភូមិ អោយរួចផុតពីភ្លើងសង្រ្គាម ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅក្នុងសកម្មភាពមនុស្សធម៌នោះផងទៀត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏ត្រូវគេមើលឃើញថា តែងតែយកចិត្តទុកដាក់ ដល់អតីតយុទ្ធជនកម្ពុជាខេត្ត ក៏ដូចប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នូវគ្រប់កាលៈទេសៈ ដែលលោកឧត្តមសេនីយ៍ មេបញ្ជាការ និងនាយទាហាន បានលះបង់កម្លាំងកាយចិត្ត ស្ម័គ្របម្រើអង្គភាព និងប្រជាពលរដ្ឋ ដើម្បីការពារបូរណភាពទឹកដី ថែមទាំងបានចំណាយពេលវេលា ធនធាន នាំយកអំណោយរបស់អង្គភាព និងអំណោយ សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ទៅផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាននីមួយៗ ផងដែរ។
គួរបញ្ជាក់ថា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា កាលពីថ្ងៃទី១១មករា២០២៤ បានដឹកនាំក្រុមការងារសមាគមខេត្ត និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងលិខិតរំលែកមរណៈទុក្ខ ទៅជូនគ្រួសារសព លោក លិន វន ភេទប្រុស អាយុ៦៨ឆ្នាំ យោធិនចូលនិវត្តន៍ ដែលបានទទួលមរណភាព នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ មានទីលំនៅ ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។
ក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន បានគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមទាំងលោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់សឹករងព្រះវិហារ ក៏ដូចមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនកម្ពុជា ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ៕