ផ្សោតកើតថ្មី ៦ក្បាលបន្ថែមទៀត ជាផ្នែកមួយជំរុញអោយមានការទាក់ទាញភ្ញៀវទេសចរ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍

0

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងក្នុងពេលថ្មីៗនេះថា ផ្សោតកើតថ្មីចំនួន៦ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ និងជាការទាក់ទាញភ្ញៀវទេសចរណ៍ អោយអញ្ជើញមកទស្សនាកម្សាន្តសម្រាប់ឆ្នាំថ្មី២០២៤ ។

ខេត្ដក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ ១៤០គីឡូម៉ែត្រ សំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ចំនួន ៦២អន្លង់ ក្នុងនោះមានជម្រកត្រី និងជម្រកសត្វផ្សោតចំនួន ៥កន្លែង ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្ស ធនធានជលផល និងជីវចម្រុះ។

តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះ រហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង មានប្រវែង ៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់។

គួរដឹងដែរថា តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោត ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ដោយឡែក នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ហ្វូងផ្សោតពណ៌ផ្កាឈូកប្រមាណពី១៥ ទៅ ២០ក្បាល ត្រូវបានប្រទះឃើញហែលចាប់ចំណីជាអាហារ នៅក្នុងដៃសមុទ្រទឹកប្រៃខេត្តកំពត ផងដែរ៕ដោយ៖ឡុង សំបូរ