ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំចំនួន២៤នាក់ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍

0

កំពង់ធំ÷ ឯកឧត្ដម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម លី វេត អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការ ស.ស.យ.ក. ឯកឧត្ដម ជាវ ចាន់នី អគ្គនាយករដ្ឋាករទឹកក្រុងស្ទឹងសែន លោក ប្លោក ចាន់រដ្ឋាប្រធានមន្ទីរឧស្សាហកម្ម លោក លោកស្រី អនុប្រធាន ស.ស.យ.ក.ខេត្ត ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំចំនួន២៤នាក់ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

លោក ប្លោក ចាន់រដ្ឋាប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បានលើកឡើងថា ខណៈពេលដែលពិភពលោកមិនខ្វាយខ្វល់ទាល់តែសោះអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះនាពេលនោះ កម្ពុជាមិនមានជម្រើសណាផ្សេងក្រៅពីក្រោកឈរឡើងដោយខ្លួនឯង ហ៊ានលះបង់ ដោយយកជីវិតជាដើមទុនដើម្បីរំដោះ សង្គ្រោះប្រជាជន និងកសាង ជាតិឱ្យរស់ឡើងវិញ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្ដម ជា វ៉ាន់ចាន់ បានមានប្រសាសន៍ថា គឺពិតជាបានឆ្លុះបញ្ចាំងអំពីភាពខិតខំប្រឹងប្រែង ភាពលះបង់ទាំងថវិកា និងសម្ភារៈ ព្រមទាំងមានឆន្ទៈដ៏មោះមុតក្លាហានក្នុងការស្ម័គ្រចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។ ក្រុមការងារថ្មីដែលចូលរួមពិធីប្រកាសនៅថ្ងៃនេះ សូមចងចាំថា រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានឯកឧត្តម ហ៊ុន ម៉ានី ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថែមទៀតនោះ ពិតជាច្បាស់ថា នៅក្នុងថ្ងៃអនាគតការវិភាគអំពីភាពខ្លាំង និងភាពខ្សោយរបស់មន្ត្រីរាជការម្នាក់ៗ មុននឹងឡើងទទួលតួនាទីថ្មីរបស់ខ្លួនគឺត្រូវមើលជាចាំបាច់អំពីប្រវត្តិនៃការងារស្ម័គ្រចិត្ត។

ឯកឧត្ដម ជា វ៉ាន់ចាន់ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានជំរុញលើកទឹកចិត្តដល់ក្រុមការងារដែលប្រកាសថ្មីចំនួន២៤នាក់នេះ សូមពង្រឹង និងពង្រីករចនាសម្ព័ន្ធក្រុមការងារឱ្យកាន់តែមានភាពទូលាយ និងពោរពេញដោយគុណភាព បន្តសកម្មភាពការងារមនុស្សធម៌ វប្បធម៌ សិល្បៈ អប់រំ កីឡា ស្របទៅតាមសសរស្តម្ភរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលខុសត្រូវការចូលរួម និងអនុវត្តរាល់ភារកិច្ច និងការងារដែលស.ស.យ.ក.ខេត្តបានដាក់ជូន ស្វែងរកដៃគូជាតិ និងអន្តរជាតិ ចូលរួមគាំទ្រនិងឧបត្ថម្ភជាថវិកា ស្មារតី ដើម្បីបន្តការងារស.ស.យ.ក. ឱ្យកាន់តែមានភាពល្អប្រសើរ។ អត្ថបទលោក ធូ កែវមុន្នី