ការប្រមូលចំណូលថវិកា តាមរយៈ ភ្នាក់ងារពេទ្យសត្វ គឺដើម្បីបង់ជូនរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម

0

កំពង់ចាម: លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានប្រាប់ មន្ទីរព័ត៌មានខេត្ត នា រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ៖ «ការប្រមូលចំណូលថវិកា តាមរយៈ មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម ហៅកាត់ (ភ្នាក់ងារពេទ្យសត្វ) នោះ គឺដើម្បី យកទៅបង់ជូនរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ពោលគឺ ពុំមែនយកមកដាក់ហោប៉ាវឡើយ» ។

មន្ត្រីជំនាញដដែល បានបញ្ជាក់ដែរថា ដើម្បី សម្រួលដល់ការប្រមូលចំណូល លើសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ នៅតាម ក្រុង ស្រុក រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីសម្រេច លេខ ០៥៨សសរ ចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ ស្ដីពីការទទួលស្គាល់មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាភ្នាក់ងារប្រមូលចំណូល អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម ចំនួន ១០រូប ។ លោកបន្តថា ជា រៀងរាល់ខែ ភ្នាក់ងារប្រមូលចំណូលទាំង ១០រូប នេះ មានកាតព្វកិច្ច ដើរប្រមូលសោហ៊ុយសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ មក បង់នៅអង្គភាពច្រកចេញចូល របស់រដ្ឋបាលខេត្តកំពង់ចាម តាមប្រកាសលេខ ១០១៣ សហវ ប្រក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ។ លោក នង ម៉េងហ៊ាង បានអះអាងដែរថា ការប្រមូលចំណូលបង់ជូនរដ្ឋនេះ គឺមន្ត្រីជំនាញ បានអនុវត្តស្របតាមកិច្ចសន្យា ចំពោះអាជីវករពិឃាតសត្វ គោ ក្របី ជ្រូក និងបក្សី ពោលគឺ តាមច្បាប់កំណត់ប៉ុណ្ណោះ ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ ដើម្បី ធ្វើការគ្រប់គ្រងម្ចាស់វិនិយោគអាជីវកម្ម ភាស៊ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ នៅទូទាំងខេត្តកំពង់ចាម ជាពិសេស ជាការជម្រុញដល់អ្នកពាក់ព័ន្ធ ក្នុងសេវាកម្មនេះ ឲ្យយកចិត្តទុកដាក់ និងចូលរួម អនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមកិច្ចសន្យា នឹងសៀវភៅបន្ទុក ។ ដោយឡែក ចំពោះ ម្ចាស់អាជីវកម្មសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ អនុវត្តផ្ទុយពី សេចក្តីណែនាំនេះ ត្រូវទទួលខុសត្រូវតាមច្បាប់ ជាធរមាន ផងដែរ ៕