បុរសម្នាក់ស្រវឹងស្រាវៃធ្វើបាបប្រពន្ធនាំកូនរត់ចេញពីផ្ទះទាំងយប់ស្អែកឡើងគិតខ្លីចងកក្រោមដើមស្វាយបញ្ចប់ជីវិត

0

ដោយ៖ភ្នំដងរែក
ឧត្តរមានជ័យ: មានហេតុការណ៍ មួយបង្កឡើងដោយសារបុរសម្នាក់មានវ័យជិត៥០ឆ្នាំសង្ស័យមានវិបត្តិនៅក្នុងគ្រួសារបានចងកធ្វើអត្តឃាតបញ្ចប់ជីវិតនៅក្រោមដើមស្វាយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកតែម្តងដែលករណីនេះបានកើតឡើងស្ថិតនៅចម្ការស្វាយចន្ទីមួយកន្លែងក្នុងភូមិឆ្អើម សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃ ទី១៣ខែ កុម្ភៈឆ្នាំ២០២៤នេះ។

ប្រភពពីលោកគួចលី ភេទប្រុសអាយុ៥៩ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងថា កាលពីល្ងាចមិញនេះជនរងគ្រោះដែលគេស្គាល់ឈ្មោះថា ញ៉ាញ់រ៉ា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជាយោធារស់នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង បានហូបចុកជាមួយគាត់ក្នុងកម្មវិធីសែនអ្នកតា លុះព្រឹកឡើងក៏មានអ្នកភូមិឆោឡោថា ឈ្មោះរ៉ាបានចងកបញ្ចប់ជីវិតនៅក្រោមដើមស្វាយបាត់ទៅហើយ រួចក៏ពុំដឹងអំពីមូលហេតុច្បាស់លាស់ដែរ។

បើយោងតាមប្រភពពីកូនស្រីរបស់ជនរងគ្រោះឈ្មោះរ៉ានី បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងនៅព្រឹកថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ២០២៤នេះថា នៅយប់មិញគាត់បានដឹងថា ម្តាយនឹងឪពុករបស់ខ្លួនបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងនៅយប់មិញនេះបន្ទាប់មកម្តាយបានខលទៅប្រាប់គាត់ថា ឪពុកកូនឯងមកពីផឹកស្រាស្រវឹងហើយថែមទាំងប្រើហិង្សាមកលើម៉ែថែមទៀត។

កូនស្រីដដែលបានអះអាងបន្តទៀតថា គ្រាន់តែលឺចឹងលុះម៉ោងប្រហែលជា១១យប់ថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៤ម្សិលមិញនេះ ក្រោយពីគាត់ចេញពីធ្វើការក៏ប្រញ៉ាប់ប្រញាល់មកយកម្តាយនឹងកូនទៅសម្រាកនៅផ្ទះបងនៅឯភូមិភ្នៀត លុះព្រឹកឡើងក៏មានគេប្រាប់ថា ឪពុកគាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ដោយឡែករឿងនៅក្រុមគ្រួសារគាត់ មានរឿងឈ្លោះប្រកែករហូតមកជាច្រើនលើកច្រើនសារហើយដែលឪពុកគាត់តែងតែវាយធ្វើបាបម្តាយ តែកាលពីយប់មិញនេះមានរឿងធំ ពីព្រោះឪពុកគាត់បានវាយដំទៅលើម្តាយយ៉ាងធ្ងន់ធ្ងរទើបគាត់ទ្រាំពុំបានក៏រត់ចេញពីផ្ទះទៅសម្រាកនៅភូមិភ្នៀត មួយវិញទៀតឪពុកគាត់បាននិយាយប្រាប់ម្តាយគាត់ថា ប្រសិនបើជារត់ចោលគាត់ព្រឹកស្អែកនេះចាំមកទទួលយកសពគាត់ទៅធ្វើបុណ្យផង។

គួររំលឹកថា ក្រោយកើតហេតុរួចសមត្ថកិច្ចប៉ុស្តិ៏និងកម្លាំងជំនាញនៃអធិការក្រុងសំរោង បានសហការជាមួយអាជ្ញាធរភូមិចុះមកពិនិត្យដល់ទីតាំងផ្ទះជនរងគ្រោះផ្ទាល់នឹងបានធ្វើកោសល្យពិច្ច័យ ជាមួយក្រុមគ្រូពេទ្យដើម្បីឲ្យដឹងពីការបាត់បង់ជីវិតជនរងគ្រោះពិតប្រាកដនឹងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕