រដ្ឋបាលស្រុកសណ្តាន់ប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»និងជំរុញឲ្យស្ត្រីចូលរួមអនុវត្តវិស័យទាំង៦ឲ្យបានច្រើនដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ

0

(កំពង់ធំ)៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានអញ្ជើញប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»និងជំរុញឲ្យស្ត្រីចូលរួមអនុវត្តវិស័យទាំង៦ឲ្យបានច្រើនដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅសាលាស្រុកសណ្តាន់ ។

ក្នុងពិធីនេះដែរដោយមានអ្នកចូលរួមពីលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់និងលោកស្រីព្រមទាំងតំណាងស្ត្រីនៅសាលាស្រុកនិងមកពីបណ្ដាឃុំប្រមាណជិត និងតំណាងអង្គការជិត៣០០ នាក់  ក្រោមជំនួយឧបឋមគាំទ្រពីអង្គការអាដ្រាកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ហើយនឹងបានផ្តាំផ្ញើដល់ស្ត្រីគ្រប់ៗរូបចូលរួមក្នុងការអនុវត្តវិស័យទាំង៦ មានដូចជា
ទី១ ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ទី២ ការលើកកម្ពស់ការអប់រំរបស់ស្ត្រីនិងក្មេងស្រី ទី៣ ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី ទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី ទី៥ ការលើកកម្ពស់ស្ត្រីនិងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច ទី៦ បញ្ជ្រាបយេនឌ័រក្នុងកម្មវិធីប្រែប្រួលអាកាសធាតុ  ។

លោកបញ្ជាក់ថាការជំរុញឱ្យស្ត្រីនិងយុវតីកម្ពុជាផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះ គឺនឹងផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការអភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូលសម្រាប់កម្ពុជា សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយការរំដោះ៧មករា ឆ្នា១៩៧៩មក បានបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះខណៈ
ដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។ ដូចនេះរាល់សកម្មភាពកិច្ចការអាទិភាពត្រូវគិតគូរដល់ស្ត្រីបើមិនដូច្នេះទេផែនការសកម្មភាព ឬកម្មវិធីនយោបាយណាមួយមិនអាចឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍក្នុងសង្គមជាតិកម្ពុជានោះឡើយ។

ចុងបញ្ចប់នៃអង្គមីទ្ទីងបានជូនកន្រ្តកផ្កាអនុស្សាវរីយ៍ និងបានប្រគល់ថវិកាចំនួន១០លានរៀល និងសារុងចំនួន២០០ សារុង ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់អភិបាលស្រុក និងតំណាងនារីទូទាំងស្រុក ដើម្បីចាត់ចែងចែកជូនបងប្អូននារី ដែលបានចូលរួមក្នុងឱកាសនេះផងដែរ។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានថ្លែងនូវការអបអរសាទរចំពោះទិវានារីអន្តរជាតិខួបលើកទី១១៣ នៅពេលនេះ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមនាយឧត្តមសេនីយ៍
ម៉ៅ សុផាន់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ ដែលបានឧបត្ថម្ភថវិកាចំនួន១០លានរៀលនិងសារុងចំនួន២០០តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ជូនដល់នារីក្នុងការរៀបចំកម្មវិធីនៅពេលនេះ ។