អភិបាលខេត្តកំពង់ធំជំរុញឲ្យអាជ្ញាធរក្រុង ស្រុក ប្រធានអង្គភាពឆ្លើយបំភ្លឺលាយលក្ខណ៍ជាលិខិតស្នាម នូវចម្ងល់ណាដែលមានការចោទសួរពីមតិមហាជន

0

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំជំរុញឲ្យអាជ្ញាធរក្រុង ស្រុក ប្រធានអង្គភាពឆ្លើយបំភ្លឺលាយលក្ខណ៍ជាលិខិតស្នាម នូវចម្ងល់ណាដែលមានការចោទសួរពីមតិមហាជន។

លោក ងួន រតនៈ លើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត រួចមក ក្នុងនោះបញ្ហាប្រឈមមួយចំនួនលោក បានដាក់នៅគោលការណ៍បន្ត ដល់មន្ត្រីជំនាញ និងកងកម្លាំងទាំងបី ខិតខំដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋាន និងឆ្លើយបំភ្លឺលាយលក្ខណ៍ជាលិខិតស្នាម នូវចម្ងល់ណាដែលមានការចោទសួរពីមតិមហាជន និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាព ព្រមទាំងកំណត់មុខសញ្ញាជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកបន្តទៀតថា នៅថ្ងៃទី១១-២៩ ខែមិនា ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងតាមបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធដទៃទៀតចំណុះឱ្យរដ្ឋបាលខេត្តស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល មន្ត្រីរាជការ ត្រូវបន្តជាគំរូស្អាតស្អំដល់ប្រជាពលរដ្ឋដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យអស់ពីកម្ពុជា។