អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព​ និង​បង្ការទប់ស្កាត់បង្ក្រាបបទល្មើស​នានា​

0

ត្បូងឃ្មុំ​:​ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី​៦​ ខែមិនា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានថ្លែងថា​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព។ តាមរយៈយុទ្ធសាស្រ្តនេះ ជ្រុងមួយ បានផ្តោតជាសំខាន់លើការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សម្រាប់ រដ្ឋបាលក្រុង/ស្រុក អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំអនុវត្តប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តពង្រឹងស្មារតីម្ចាស់ការ ខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកិច្ចការសំខាន់ៗ ដោយដាក់ចេញនូវ វិធានការ ០៧ចំនុច រួមមាន៖
ទី១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤-គា្មនអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
ទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះ​ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ ក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរទាំង​ ៧ក្រុង​ ស្រុក ត្រូវសហការគ្នា បន្តបង្រ្កាបនូវបញ្ហាបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។​ ជាពិសេសបន្តចុះបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃលិចទឹក ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ដោយមិនត្រូវឱ្យកើតមាននៅតាមភូមិឃុំ ឬភូមិសាស្រ្ដណាមួយឡើយ ដាច់ខាតត្រូវតែបង្រ្កាបឱ្យបាន​ ៕