សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបរៀបចំប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា អបអរសាទរខួបលើកទី១៦១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

0

សៀមរាប៖ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា អបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។ យុវជនកាកបាទក្រហមកម្ពុជា ដែលជាបេក្ខជនចូលរួមប្រឡគំនូរមានចំនួន៣០នាក់ ( ស្រី ១៩នាក់) មកពីវិទ្យាល័យចំនួន ៧រួមមាន៖ ១- វិទ្យាល័យ សម្តេចឪ ៤នាក់ (ស្រី ៣នាក់)
២- វិទ្យាល័យ អង្គរ ៦នាក់ (ស្រី ៤នាក់)
៣- វិទ្យាល័យ ហ៊ុន សែន សៀមរាប ៤នាក់ (ស្រី ៣នាក់)
៤- វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ៤នាក់ (ស្រី ៣នាក់)
៥- វិទ្យាល័យ ១០មករា ១៩៧៩ ចំនួន៣នាក់ (ស្រី ៣នាក់)
៦- វិទ្យាល័យ បាយ័ន ៤នាក់ (ស្រី ២នាក់)
៧- វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ៥នាក់ (ស្រី ១នាក់)
វិធីសាស្ត្រនៃការប្រឡងគំនូរនេះគឺ៖ បេក្ខជនត្រូវគូរគំនូរនៅសាលារៀងៗខ្លួន ដោយដោយផ្ដោតលើប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” មានរយៈពេល៣ម៉ោង(ចាប់ពីម៉ោង៨ព្រឹកដល់១១ ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៤)។ ពេលគូររួចត្រូវប្រមូលផ្ទាំងគំនូរទាំងនោះយកមកសាខា ដើម្បីគណៈកម្មការពិនិត្យវាយតម្លៃ ជ្រើសរើសជ័យលាភី កម្រិតសាខា។
បន្ទាប់ពីគណៈកម្មការពិនិត្យវាយតម្លៃ ជ្រើសរើសផ្ទាំងគំនូរជ័យលាភី កម្រិតសាខារួចនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភី ប្រឡងគំនូរយុវជនកម្រិតសាខា ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន នៃសាខាគោលដៅ និងប្អូនៗបេក្ខជនទាំង៣០នាក់ផងដែរ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទុយ ជិ បានលើកឡើងថា ទោះបីជារូបភាពដែលដាក់តាំងនៅទីនេះ មិនបានល្អសមតាមទ្រង់ទ្រាយដូចមនុស្សធំ ឬអ្នកមានជំនាញគូរក្តី ប៉ុន្តែរូបភាពទាំងនេះបានបង្ហាញពីការរិះគិត និងការខិតខំផ្ចិតផ្ចង់គូររបស់ក្មួយៗទាំងអស់ តាមរយៈការជួយបំផុស ណែនាំខ្លឹមសារគំនូរពីសំណាក់លោកគ្រូ អ្នកគ្រូទីប្រឹក្សាហើយក្នុងនោះមានក្មួយខ្លះទើបតែរៀនគូរគំនូរស្តីពីសកម្មភាព និងខ្លឹមសារនេះជាលើកទី១។ តាមរយៈនេះក្មួយៗបានសាកល្បងទឹកដៃ ជាវិចិត្រករវ័យក្មេង ពិតជាបានដឹងថាការរិះរកអំពីខ្លឹមសារត្រូវគូរ ការគូរដោយផ្ទាល់លើក្រដាសគំនូរ និងការផាត់ពណ៌នេះមានការងាយស្រួល ឬលំបាកយ៉ាងណានោះ។ ដូច្នេះហើយ ទើបបច្ចុប្បន្ននេះ ទោះបីមានបច្ចេកវិទ្យារីកចំរើន ដោយមានឧបករណ៍ទំនើបអាចថតផ្តិត និងពង្រីករូបភាពធំជាងរូបភាពពិតល្អឥតខ្ចោះ និងរហ័សទាន់ចិត្តក្តី ក៏រូបភាពដែលគូរ និងផាត់ពណ៌ដោយដៃនៅតែមានតម្លៃ និងជាទីពេញនិយមនៅឡើយ ពិសេសចំពោះអ្នកដែលនិយមរូបភាពដែលគូរដោយដៃមនុស្សផ្ទាល់ ព្រោះជាស្នាដៃដែលបានមកពីការអំណត់ព្យាយាមរបស់វិចិត្រករ។
លោកជំទាវបន្តថា សូមសរសើរដោយស្មោះចំពោះស្មារតីខិតខំព្យាយាម ឆ្លៀតពេលពីការសិក្សា របស់ក្មួយៗទាំង៣០រូប ចូលរួមគូរគំនូរពីសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាយើង។ ជាមួយគ្នានេះដែរ ចំពោះក្មួយៗដែលមិនបានជាប់ជ័យលាភីនាពេលនេះ សូមកុំមានការអាក់អន់ស្រពន់ចិត្តអី ព្រោះនេះជាការប្រឡងស្នាដៃដោយយុត្តិធម៌ទាំងអស់គ្នា និងសូមក្មួយៗព្យាយាមបន្តទៀត ដោយហេតុថាឱកាសសម្រាប់ក្មួយៗមានច្រើននៅឆ្នាំខាងមុខ និងសូមក្មួយៗទាំងអស់បន្តយកចិត្តទុកដាក់គោរព និងស្តាប់បង្គាប់ឪពុកម្តាយ ខិតខំរៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ជួយមិត្តដែលទន់ខ្យោយ និងធ្វើតែអំពើណាដែលល្អ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ពិសេសត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ក៏ដូចជាត្រូវគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ – ជ័យលាភីលេខ១៖ បានទៅលើយុវតី ថាត រីតា សិស្សថ្នាក់ទី 10A វិទ្យាល័យ ១០ មករា ១៩៧៩- ជ័យលាភីលេខ២៖ បានទៅលើយុវតី ចាន់ សុជាតា សិស្សថ្នាក់ទី12R វិទ្យាល័យ ១០ មករា ១៩៧៩- ជ័យលាភីលេខ៣៖ បានទៅលើយុវតី រ័ត្ន លីហ្សា សិស្សថ្នាក់ទី១១C វិទ្យាល័យ សម្តេចឪ ចំពោះរង្វាន់ជ័យលាភី និងរង្វាន់លើកទឹកចិត្ត ដែលបានប្រគល់ជូនប្អូនមាន៖- ជ័យលាភីលេខ១៖ ថវិកា ១៤ម៉ឺនរៀល- ជ័យលាភីលេខ២៖ ថវិកា ១២ម៉ឺនរៀលជ័យលាភីលេខ៣៖ ថវិកា ១០ម៉ឺនរៀល- រង្វាន់លើកទឹកចិត្ត (២៧នាក់) ៖ ថវិកាម្នាក់ ៦ម៉ឺនរៀល៕