អភិបាលខេត្តកំពង់ចាម សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា មានតម្លៃជាង៣៥ម៉ឺនដុល្លារ ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ក្នុងស្រុកកំពង់សៀម

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រេីនរំឮកដល់គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឈទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានជុំនឿទុកចិត្ត ក្នុងការចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀត ពីព្រោះថា មានជុំនឿជឿជាក់ទេីបពុទ្ធបរិស័ទយើង ចូលបុណ្យដេីម្បីកសាងសមិទ្ធផលផ្សេងៗ ។ ថ្លែងបែបនេះក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទទីលារាម (ថ្មគោល) ស្ថិតនៅឃុំរអាង ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្ដម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំដែងនូវការកោតសរសើរចំពោះ ព្រះគ្រូទីបមុនីវង្សា ណែម ឡាទី ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត ដែលបានដឹកនាំគៀងគរពុទ្ធបរិស័ទជិតឆ្ងាយ ដោយមានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគធនធាន ចំនួន ២៥២,៥០០ ដុល្លារ ដើម្បីការកសាងសមិទ្ធផលទាំងនេះ ឱ្យកើតឡើងជារូបរាងក្នុងរយៈពេល ៤ឆ្នាំ ដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ក្រោមបរិយាកាសនៃសុខសន្តិភាព ព្រោះថាមានសុខសន្តិភាព ទេីបយេីងមានឱកាសធ្វើបុណ្យជួបជុំគ្នាបាន ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ចំណុច ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ចំណុចរួមមាន ១-ការពង្រីកសេវាថែទាំសុខភាព ២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ៣-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម ៤-ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥-ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ៕