រដ្ឋមន្ត្រីក្រសួងសាធារណការ បានជំរុញដល់មន្ត្រីរាជការនៃមន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តខិតខំកសាងហេដ្ឋារចនាស័ម្ពន្ធ និងផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែល្អប្រសេីរ

0

កំពង់ចាម: ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដល់មន្ត្រីរាជការនៃមន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តខិតខំកសាងហេដ្ឋារចនាស័ម្ពន្ធនានាក្នុងខេត្ត និងបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសេីរឡេីងថែមទៀត ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញនិងលេីកទឹកចិត្តបន្ថែមដល់មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវរួមគ្នាពង្រឹងវិន័យការងារ តាមតួនាទី និងការចាត់តាំង ព្រមទាំងថែររក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អ។ ក្រៅពីនោះត្រូវបន្តយកចិត្តទុកដាក់រៀនសូត្រពីការងារតាមបច្ចេកទេសថ្មីៗ និងចេះគិតគូដោះស្រាយបញ្ហាប្រឈមនានា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលេីវិស័យសាធារណការឱ្យប្រសេីរផងដែរ ។

ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងសាធារណការ បានផ្តាំផ្ញេីដល់មន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្ត ត្រូវបន្តចុះអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ពោលគឺធ្វេីយ៉ាង ត្រូវយកចិត្តទុកដាក់ពិនិត្យឡេីងវិញនូវការដាក់ស្លាកសញ្ញាគូសចរាចរតាមដងផ្លូវ ដេីម្បីធានាចូលរួមចំណែកកាត់បន្ថយអត្រាអ្នកគ្រោះថ្នាក់ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍លេីដងផ្លូវ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា មន្ត្រីសាធារណការ មានភារកិច្ចច្រើន ក្រៅពីការសាងសង់ផ្លូវ ឱ្យបានល្អ ក៏នៅការធានាសុវត្ថិភាព ការធ្វើចរាចរតាមដងផ្លូទៀត និងគិតអំពីមធ្យោបាយចរាចរណ៍នានា ដើម្បីជៀសផុតពីការគ្រោះថ្នាក់ចរាចរណ៍ ។ ជាមួយគ្នានេះ មន្ត្រីសាធារណការ ក៏មានកម្មវិធីអប់រំ ដូចជាការប្រើប្រាស់មួកសុវត្ថិភាព និងផ្សព្វផ្សាយអប់រំផ្នែកច្បាប់ចរាចរ ដល់អ្នករៀនបើកបរជាដើម ដើម្បីគិតគូរដល់សុវត្ថិភាព និងអំពីគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បាននាំយកនូវសម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគឺរចំណាំងផ្លាត ៥០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនឱ្យមន្ទីរសម្រាប់ប្រើប្រាស់លើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខផងដែរ ៕