ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រជិត ៣០គ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !

0

ខេត្តព្រះវិហារ៖ គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋក្រីក្រ ២៨គ្រួសារ ទទួលបានការយកចិត្តទុកដាក់ និងការចុះសាកសួរសុខទុក្ខ ថែមទាំងទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីសម្ដេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ​និងលោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី តាមរយៈលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ដព្រះវិហារ​ ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា នៅរសៀលថ្ងៃអាទិត្យ ទី៧មេសា២០២៤ បើទោះបីជាថ្ងៃឈប់សម្រាកពីកិច្ចការងាររាជការក៏ដោយចុះ ក៏លោកឧត្តមសេនីយ៍មេបញ្ជាការ បានឆក់ឱកាសដ៏មានតម្លៃនេះ ទៅបម្រើឱ្យផលប្រយោជន៍សង្គម ហើយបានដឹកនាំក្រុមការងារសមាគម ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (អាជ្ញាធរក្រុងព្រះវិហារ) កងកម្លាំងទាំង៣ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវ ទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ២៨គ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ស្ថិតនៅ​ភូមិ​ភារកិច្ច​ សង្កាត់​ប៉ាលហាល​ ក្រុង​ព្រះ​វិហារ​ ខេត្ត​ព្រះវិហារ។​

អំណោយដែលគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ២៨គ្រួសារ ទទួលបាននាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន  អង្ករ​ ០១បេ​ ,មី​ ០១កេស​ ,ទឹកត្រី​ ០១យួរ​ ,ត្រីខកំប៉ុង​ ០១យួរ​ និងថវិកា​ ២ម៉ឺនរៀល​ ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្ដព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ,ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋក្រីក្រជានិច្ច។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែង រំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជន ដែលកន្លងមកធ្លាប់ចូលរួមចំណែកក្នុងការកសាង រំដោះជាតិ មាតុភូមិកម្ពុជា ឲ្យរួចផុតពីភ្នក់ភ្លើងសង្រ្គាម ធ្វើអោយប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន ៕ ដោយ៖ឡុង សំបូរ