ឯកឧត្តម អ៊ុនចាន់ដា បានថ្លែងថា យើងរៀន មិនត្រឹមតែដើម្បីរកការងារធ្វើ យកប្រាក់ខែ ប៉ុណ្ណោះទេ គឺរៀនដើម្បីចេះ មានចំណេះ ហើយជួយសង្គម

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា យើងរៀន មិនត្រឹមតែរៀនដើម្បីរកការងារធ្វើ យកប្រាក់ខែ ប៉ុណ្ណោះទេ គឺរៀនដើម្បីចេះ មានចំណេះ ហើយជួយសង្គម ធ្វើសកម្មភាពទាំង ឡាយដើម្បី សង្គមរបស់យើងបានរីកចម្រើន មានភាពល្អផូរផង់។ ថ្លែងបែបនេះក្នុងឱកាសកាត់ស្រោមវិញ្ញាសាប្រលង ចូលរៀនពុទ្ធិកឧត្តមសិក្សា (ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន) នៅមណ្ឌលប្រឡង ពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកំពង់ចាម ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងលើកទឹកចិត្តដល់បេក្ខសមណៈ បេក្ខជន ទាំងអស់ ត្រូវខិតខំប្រឹងប្រែង យកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីខិតខំពង្រឹងសមត្ថភាពក្នុងពេលប្រលងនេះ ដើម្បីឲ្យក្លាយខ្លួនជាមូលធនមនុស្ស ដ៏មានសារៈសំខាន់ ក្នុងសង្គមគ្រួសារ និងសង្គមជាតិយើង និងត្រូវខិតខំសិក្សា និងស្រាវជ្រាវបន្ថែមទៀត ដើម្បី ឱ្យមានជំនាញ ពិតប្រាកដ ដើម្បីរកការងារធ្វើ និងជួយលេីកកម្ពស់ជីវភាពនៅក្នុងក្រុមគ្រួសារ និងដើម្បីជាអនាគត និងជាក្តីសង្ឃឹមរបស់អាណាព្យាបាល ឪពុកម្តាយរបស់យើងផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងនាមយើងទាំងអស់គ្នា មានជំនឿព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ គឺយើងតែងតែធ្វើអំពើល្អ កសាងនូវកុសល់ដើម្បីសង្គមជាតិរបស់យើង ដែលជាសង្គមជាតិថ្លៃថ្នូរ ជៀសវាងប្រព្រឹត្តអំពើអបាយមុខ ដែលប៉ះពាល់ដល់កិត្តិយសជាតិ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ដែលបង្កធ្វើឱ្យមានគ្រោះហានិភ័យនានាដល់សង្គមជាតិរបស់យើង ។
ដោយពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពុំមានឧបករណ៌ប្រើប្រាស់ ទៅតាមតម្រូវការឱ្យបានគ្រប់គ្រាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៍បានឧបត្ថម្ភ កៅអីសម្រាប់និស្សិត អង្គុយ សិក្សា ចំនួន ២០០គ្រឿងផងដែរ ។

បេីតាមរបាយការរបស់ ព្រះសោមវេទី អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មានថេរដីកាឱ្យដឹងថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពុទ្ធិកសាកលវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន មានពុទ្ធិក មហា វិទ្យាល័យចំនួន៥ គឺៈ ១-ពុទ្ធិកមហាវិទ្យាល័យ បាលីសំស្រ្កឹត ២-ពុទ្ធិកមហាវិទ្យាល័យ មនុស្សសាស្រ្ត និងភាសា ៣-ពុទ្ធិកមហាវិទ្យាល័យ ទស្សនវិជ្ជា និងសាសនា ៤-ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្រ្តសង្គម   ៥-ពុទ្ធិកមហាវិទ្យាល័យ គណិតសាស្រ្ត និងវិទ្យាសាស្រ្ត ។ សម្រាប់ពុទ្ធិកសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំសិក្សា២០២៤-២០២៥ នេះ គឺជាការប្រឡងលើកទី១៣ មានបេក្ខសមណៈ បេក្ខជន និមន្ត និងអញ្ជើញ មកដាក់ពាក្យសុំសិទ្ធិប្រឡងចូលរៀនអាហារូបករណ៍១០០% ពីគ្រប់មជ្ឈដ្ឋាន សរុបចំនួន៥៣៧ អង្គ/នាក់ ក្នុងនោះមាន ដោយប្រឡងលើ ឯកទេសចំនួន៤ រួមមាន ឯកទេសៈ អក្សរសាស្ត្រខ្មែរ រដ្ឋបាលអប់រំ គ្រប់គ្រងទូទៅ និងនីតិសាស្ត្រ ។ ចំពោះមុខវិជ្ជាប្រលងចូលមានចំនួន៣ -មុខវិជ្ជាព្រះពុទ្ធសាសនា-វប្បធម៌ទូទៅ-ទស្សនវិជ្ជា ៕