ឯកឧត្តម ជា សុផារ៉ា ប្រកាសតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ស៊ាក ឡេង ជាប់ជាសមាជិកព្រឹទ្ធសភា

0

ត្បូងឃ្មុំ: ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសទទួលស្គាល់ ចូលកាន់តំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ស៊ាក ឡេង ជាប់ជាសមាជិកព្រឹទ្ធសភា នៃកម្ពុជា។

ក្នុងពិធីនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានអញ្ជើញទទួលសេចក្តីប្រកាស និងត្រា ព្រមទាំងឡើងធ្វើការប្តេជ្ញាចិត្តគោរព អនុវត្តន៍តាមបទបញ្ជា លក្ខន្តិកៈគណបក្ស និងអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំគណបក្ស រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងបក្សឲ្យរឹងមាំ ជាពិសេសបន្តដឹកនាំការងារគណបក្ស ធ្វើយ៉ាងណាឲ្យគណបក្សប្រជាជន បន្តឈ្នះឆ្នោតគ្រប់ៗអាណត្តិ។

ក្នុងឳកាសនោះ ឯកឧត្តម ជា សុផារ៉ា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយនៃមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមនឹងថ្នាក់ដឹកនាំកំពូលៗ របស់គណបក្ស បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សដែលធំជាងគេ និងមានប្រជាប្រិយភាពព្រមទាំង មានការគាំទ្រដ៏ច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តម ជា សុផារ៉ា ក៏បានផ្តាំផ្ញើដល់ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានកាន់តែរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់គណបក្ស ទាំងខាងនយោបាយ និងសតិអារម្មណ៍ និងការចាត់តាំងដោយឈរ លើគោលការណ៍ និងត្រូវបន្តការសហការ និងមានទំនាក់ទំនងល្អជាប់ជានិច្ច ជាមួយសមាជិក-សមាជិកា គណបក្សនៅគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងចំគោលដៅ បង្កើនប្រជាប្រិយភាព ឈ្នះដាច់ គ្រប់ការបោះឆ្នោតផងដែរ ៕