ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើពិធីសាសនា ចម្រើនព្រះបរិត្ត ជម្រះក្តីមន្ទិលសៅហ្មងនៅក្នុងឆ្នាំចាស់ និងសាទរទេវតាឆ្នាំថ្មី សុំសុខសេរីសួស្តី ដល់មន្ត្រីនគរបាលក្រោមឱវាទ !

0

ខេត្តព្រះវិហារ៖ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងស្នងការរងនគរបាលខេត្ត បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ មកពីក្រុង-ស្រុកទាំង៨ និមន្តព្រះសង្ឃ ៧អង្គ សូត្រមន្ត បង្សុកូល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨, នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នេះ។

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា តែងតែរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានការប្រគេនទ័យ្យទាន បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ ដល់ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។

ឈ្លាតក្នុងឱកាសនោះ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានសម្តែងនូវសេចក្តីរីករាយ និងសាមគ្គីភាពជាមួយ លោកស្នងការរង លោកអធិការនគរបាលក្រុង-ស្រុកទាំង៨ មន្ត្រីនគរបាលជំនាញតាមបណ្តាការិយាល័យ និងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលបានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នេះ ផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែង ដោយរពឹងសង្ឃឹមទុកជាមុនថា ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលក្រោមឱវាទ គ្រប់ផ្នែក និងគ្រប់ជំនាញ នឹងជម្រះក្តីមន្ទិលសៅហ្មងចេញឱ្យអស់ ហើយរួមគ្នាអនុវត្តតួនាទី ភារកិច្ច ឱ្យសម្រចបានជោគជ័យ ជូនសង្គមជាតិទាំងមូល។

គួរបញ្ជាក់ថា នៅក្នុងពិធីនោះ ក៏មានការសម្តែងទស្សនីយភាព សិល្បៈរបាំជូនពរ ឆៃយ៉ាំ ដើម្បីជូនពរដល់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការរង អធិការក្រុង-ស្រុកទាំង៨ មន្ត្រីនគរបាលជំនាញនៅគ្រប់ផ្នែក ការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់ ឲ្យទទួលបាននូវសេរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ៗប្រការ និងរបាំត្រុដិ ដែលត្រូវបានប្រជាពលរដ្ឋខែ្មរជឿជាក់ថា ជារបាំប្រពៃណីបុរាណខ្មែរមួយ ដែលអាចបណ្តេញ ឧបទ្រុព្វចង្រៃ ក៏ត្រូវបានសម្តែងក្នុងគ្រានោះផងដែរ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រុព្វចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី បវរមហាប្រសើរ ក្នុងឆ្នាំថ្មី ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលបានជោគជ័យលើភារកិច្ចថ្មីៗ ថែមទៀត៕ដោយ៖ឡុង សំបូរ