ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេមកកាន់ស្នងការស្នងការដ្ឋាននគរបាលខេត្តសៀរាម ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវផ្ទេរភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

0

សៀមរាប: ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មកជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀរាមវិញ ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវផ្ទេរភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ។នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងនេះ មានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់នគរបាលជាតិ ថ្នាក់ដឹកនាំកងកម្លាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តយ៉ាងច្រើនកុះករ។

ថ្លែងស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ លើកឡើងថា ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ជាពិសេសស្នងការនគរបាលខេត្ត គណៈបញ្ជាការរដ្ឋបាលខេត្តសៀមរាប បានគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ បទល្មើសគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ជួញដូរមនុស្ស ប្រដាប់អាវុធ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត។ លើសពីនោះ ការចុះផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ និងកាត់បន្ថយបទល្មើសតាមមូលដ្ឋាន ខេត្តសៀមរាប បានទទួលជ័យលាភីលេខ១ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៣។ ឯកឧត្តម បន្ថែមថា ការរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់ក្នុងខេត្តនេះ ជាកត្តាដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការរីកចម្រើនទៅមុខជាលំដាប់

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត លើកឡើងថា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បានបង្ហាញនូវកិត្តិនាមយ៉ាងល្បីល្បាញដល់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នៃប្រទេសមហាអំណាចពិភពលោក ក្នុងនោះ ខេត្តសៀមរាប ក៏ជាគោលដៅទស្សនកិច្ច និងទេសចរណ៍ដ៏ទាក់ទាញ និងប្រភពចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ សម្រាប់អាណត្តិទី៧ នៃរដ្ឋសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តការពារ និងថែរក្សាសមិទ្ធផល ដែលទទួលបានពីនយោបាយឈ្នះឈ្នះ និងសន្តិភាពរយៈពេលដ៏វែង ដែលកម្ពុជាមិនធ្លាប់ទទួលបាន និងបន្តបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា សម្រាប់ខេត្តសៀមរាប គឺជាភូមិសាស្ត្រដ៏ពិសេសមួយ ដែលទាមទារឲ្យការងារសន្តិសុខសណ្ដាប់ធ្នាប់  ជាសសរទ្រូង និងបង្អែកដ៏រឹងមាំសម្រាប់គាំទ្រ ទៅដល់ការវិនិយោគ វិស័យទេសចរណ៍ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេងៗ។ ដូច្នេះ ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្តបានល្អប្រសើរ ត្រូវមានការដឹកនាំបញ្ជាកងកម្លាំងនគរបាល និងកិច្ចសហការជាមួយកងកម្លាំងរាជអាវុធហត្ថខេត្ត ព្រមទាំងកម្លាំងដទៃទៀត ដោយប្រើកម្លាំងសរុប និងមធ្យោបាយសរុប និងស្ថិតនៅក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ លោកស្នងការនគរបាលខេត្ត ទើបចូលកាន់តំណែង ត្រូវដឹងពីរចនាសម្ព័ន្ធរបស់នគរបាលក្នុងខេត្តរបស់ខ្លួន និងត្រូវចាត់ចែងប្រគល់ភារកិច្ចទៅដល់ស្នងការរង ការិយាល័យ និងជំនាញនីមួយៗ ចៀសវាងការប្រមូលអំណាច និងប្រើតែមនុស្សរបស់ខ្លួន និងចាត់ទុកអ្នកផ្សេងមិនចេះធ្វើការ។ ឯកឧត្តម បន្ថែមថា ចំពោះការដឹកនាំបញ្ជា កងកម្លាំងនគរបាល ត្រូវមានរបបប្រជុំប្រចាំសប្ដាហ៍ ប្រជុំប្រចាំខែ ដើម្បីតាមដាន និងវាយតម្លៃលើការងារ ដែលបានប្រគល់ទៅតាមជំនាញនីមួយៗ ចំពោះមន្ត្រីនគរបាលដែលមិនខិតខំបំពេញភារកិច្ច ឬអសកម្ម ថ្នាក់ដឹកនាំត្រូវអនុវត្តតាមវិន័យកម្លាំងនគរបាលជាតិ។

គួរជម្រាបថា ក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានឧបត្ថម្ភ ជាថវិកាទៅដល់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ១០លានរៀល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន ៣លានរៀល តំបន់ប្រត្តិបត្តិការសឹករងខេត្តសៀមរាប ចំនួន ៣លានរៀល និង ពន្ធនាគារខេត្តសៀមរាប ៣លានរៀល។ បន្ថែមពីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភសម្លៀកបំពាក់ និងឧបករណ៍សម្ភារៈសម្រាប់ចេញប្រតិបត្តិការ ដល់ស្នងការនគរបាលខេត្ត និងអធិការដ្ឋានក្រុងស្រុកទាំង១២ផងដែរ៕