ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៣ម៉ឺននាក់ ក្នុងរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅជាមួយនឹងស្នាមញញឹម !

0

ខេត្តព្រះវិហារ៖ អ្នកទេសចរជាតិ និងអន្តរជាតិ ១៣ម៉ឺន ៥ពាន់ ២០៨នាក់ បាននាំគ្នាចូលមកលេងសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣មេសា ដល់ថ្ងៃទី១៦មេសា២០២៤ នៅខេត្តព្រះវិហារ ,អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង អំណរគុណ បងប្អូនប្រជាពលរដ្ឋទាំងអស់ អ្នកទេសចរជាតិ អន្តរជាតិ មន្ទីរ អង្គភាព និងកងកម្លាំងទាំង៣ ដែលបានចូលរួមកម្សាន្តសប្បាយ រៀបចំ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ប្រកបដោយភាពរីករាយ ក្នុងសង្ក្រាន្តព្រះវិហារ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នេះ ដែលបានបញ្ចប់ទៅជាមួយនឹងស្នាមញញឹម។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានបង្ហាញរបាយការណ៍ឱ្យដឹងថា នៅក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន និងតាមគោលដៅទេសចរនានា នៅក្នុងខេត្តមានចំនួន ១៣ម៉ឺន ៥ពាន់ ២០៨ នាក់ ដោយក្នុងនោះ ភ្ញៀវទេសចរណ៍បរទេសមាន ចំនួន ១២៩នាក់ ផងដែរ។

នៅក្នុងឱកាសនោះផងទៀត អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ និងក្នុងនាមរូបលោកផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ដែលជា អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៨ និងកងកម្លាំងទាំង៣ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្មក្នុងការរៀបចំសង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នាពេលកន្លងទៅនេះ ប្រកបដោយភាពសប្បាយរីករាយ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ជាថ្មីម្តងទៀត លោក គីម រិទ្ធី ក៏បានសម្តែងការអរគុណជាពន្លឹក ដល់អ៊ំ ពូ មីង មា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមលេងកម្សាន្ត ប្រកបដោយភាពរីករាយ និងលោកអភិបាលខេត្ត ក៏បានប្រគេនពរថ្វាយព្រះតេជ្ជគណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋខេត្តព្រះវិហារទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ មានសុខសុភមង្គល និងសូមសមប្រកប ដោយពុទ្ធិពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ឡុង សំបូរ