រដ្ឋបាលខេត្តកំពង់ធំបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រនុកូលដ្ឋាន និងអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ

0

(កំពង់ធំ)៖នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយឯក សុក្រិត្យ ថនឥស្សារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ឯកឧត្តម ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឌិត ធន សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងអភិបាល អភិបាលរងក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសិក្ខាកាមប្រមាណជាង៣០០នាក់ប្រារពបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រនុកូលដ្ឋាន និងអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម ញឹក បានខេង បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ជាពិសេសចំពោះប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ដែលជាហេតុធ្វើអោយគាត់ជួបការលំបាក ក្នុងការស្នើសុំសេវារដ្ឋបាលផ្សេង។

ឯកឧត្តម ឧត្តមសេនីយឯក សុក្រិត្យ ថនឥស្សារ៉ា បានមានប្រសាសន៍ថា ច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណ ត្រូវបានរដ្ឋសភានិងដាក់អោយអនុវត្តប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងចន្លោះពេលនេះមានកិច្ចការងារជាច្រើនដែររៀបចំលិខិតបទដ្ឋានគតិយុត្តិ រួមមាន ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសអន្តរក្រសួង សេចក្តីណែនាំផ្សេងៗ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរៀបចំសិក្ខាសាលាស្តីពីច្បាប់នេះ ដើម្បីពង្រឹងគ្រូបង្គោលក្នុងការផ្សព្វផ្សាយច្បាប់ ។ អគ្គនាយកដ្ឋានក៏បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ក្នុងការផ្សព្វផ្សាយច្បាប់ស្តីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងអ្នកពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញលើការងារអត្រានុកូលដ្ឋានទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចការនេះដូចជា ការកែលំអរនូវចំណុចខ្វះខាត និងពង្រឹងការអនុវត្តការងារនេះអោយកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ក្រោយពីចូលរួមវគ្គសិក្ខាសិលានេះទៅ។ អត្ថបទ រូបភាពដោយ យីម ប៊ុនហ័រ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។