នៅក្នុង​ឆ្នាំ​២០១៥​នេះ ថៃ គ្រោង​នឹង​វិនិយោគ​ជាមួយ​ប្រទេស​កម្ពុជា តាមរយៈ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម ឱ្យមាន​ទឹកប្រាក់​ច្រើនជាង ៥​ពាន់​លាន​ដុល្លារ ដែល​ក្នុង​ឆ្នាំ​២០១៤ ថៃ​បាន​វិនិយោគ​ជាមួយ​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​សរុប ៥​ពាន់​លាន​ដុល្លារ​

0

លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា បាន​លើក ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាល​ព្រឹក​ថ្ងៃទី​២៦ មករា ឆ្នាំ​២០១៥ ស្តីពី​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ រហូត ដល់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល កោះ​ពេជ្រ ដោយមាន​ការចូលរួម4 លោក សុរា​ផុន មៈនី​ផុង តំណែង​ភារៈធារី​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ផងដែរ ថា នៅក្នុង​ឆ្នាំ​២០១៥​នេះ ប្រទេស​ថៃ គ្រោង​នឹង​វិនិយោគ​ជាមួយ​ប្រទេស​កម្ពុជា តាមរយៈ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម កម្ពុជា​-​ថៃ ឱ្យមាន​ទឹក ប្រាក់​ច្រើនជាង ៥​ពាន់​លាន​ដុល្លារ ដែល​នៅក្នុង​ឆ្នាំ​២០១៤ ថៃ​បាន​វិនិយោគ​ជាមួយ​កម្ពុជា តាមរយៈ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម មាន​ទឹកប្រាក់​សរុប ៥​ពាន់​លាន​ដុល្លារ ។ ចំនួន​នេះ បាន​កើនឡើង ១២% បើ​ធៀប​ជាមួយនឹង​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ នា​ឆ្នាំ​២០១៣ មាន​ទឹកប្រាក់​ត្រឹមតែ ៤.៦០០​លាន​ដុល្លារ ។ 3
លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល បាន​បន្តថា តាមរយៈ​ការដាក់​តាំង​បង្ហាញ​ផលិតផល​ថៃ ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ នឹងមាន​ការសហការ​ល្អ អាច​ឲ្យ​អ្នកវិនិយោគ​កម្ពុជា ដែលមាន​បំណង​ចង់​ចែកចាយ​បន្ត អាចមក​ទំនាក់ទំនង​ជាមួយ​ម្ចាស់​រោងចក្រ​ផ្ទាល់ ។ នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង​ថៃ មានការ​កើនឡើង ហើយ​លោកស្រី ក៏​សង្ឃឹមថា នៅក្នុង​ឆ្នាំ​២០១៥​នេះ ទំហំ​ពាណិជ្ជកម្ម​ថៃ​-​កម្ពុជា អាច​កើនឡើង​ពី ១០ ទៅ ១៥% ហើយ​ពិ​ព័រ​ពាណិជ្ជកម្ម នេះ​ទៀតសោត ក៏​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ថៃ ដែលជា​ផលិតផល​មានគុណ​ភាពល្អ តម្លៃ​សមរម្យ និង​អរគុណ​ដល់​អតិថិជន ដែល​គាំទ្រ​ផលិតផល​របស់​ថៃ និង​ឲ្យ​អ្នកគាំទ្រ​ទាំងអស់ មានឱកាស​ទិញ​ទំនិញ​ពី​ម្ចាស់​រោងចក្រ​ដោយ ផ្ទាល់ ក្នុង​តំលៃថោក​ជាង​នៅ​ទីផ្សារ ។
លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល បាន​បញ្ជាក់ថា ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ចាប់ពី​ថ្ងៃទី​៥ ខែកុម្ភៈ ដល់​ថ្ងៃទី​៨ ខែកុម្ភៈ នឹងមាន​ក្រុមហ៊ុន​ចូលរួម​ទាំងអស់ ២៥០​ក្រុមហ៊ុន មាន​ស្តង់​សរុប ២៥០​ស្តង់ ក្នុងនោះ​មាន​គ្រប់មុខ​ទំនិញ​ដូចជា សំភារៈ​សំណង់ និង​គ្រឿងបន្លាស់​ម៉ាស៊ីន​, អាហារ និង​ភេសជ្ជៈ​, សំលៀកបំពាក់ និង​វាយនភ័ណ្ឌ​, សុខភាព និង​ស​ម្ភ​ស្ស​, សំភារៈប្រើប្រាស់ និង​សំភារៈ​ផ្ទះបាយ​, វត្ថុ​អនុស្សាវរីយ៍ និង​តុ​ប តែង​ផ្ទះ​, គ្រឿង បន្លាស់​រថយន្ត និង​ឧបករណ៍​, សំភារៈ​ធ្វើ​ពី​ស្បែក និង​ស្បែកជើង​, សំភាៈ​អគ្គីសនី និង​អេឡិចត្រូនិក ។
លោកស្រី​បានបញ្ជាក់​ទៀតថា ក្នុងឱកាស​រៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ ស្ថាន​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ ក៏​នឹង​រៀបចំ​នូវ​សិក្ខាសាលា​មួយ​ជូន​ពាណិជ្ជករ​ថៃ ដែល​អញ្ជើញ​មក​កម្ពុជា ដើម្បី​អាច​សិក្សា នូវ​បរិយាកាស​វិនិយោគ របស់​កម្ពុជា ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ។ ហើយ​នៅ​រាត្រី​ថ្ងៃ​ដដែល​នោះ ស្ថានទូត​ថៃ​ក៏​នឹង​រៀបចំ​រាត្រី​ស្រមោល​សរ​ថៃ «Thai Night» នៅ​ស្ថានទូត​ផងដែរ ។​1
លោក សុរា​ផុន មៈនី​ផុង ភារៈធារី​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា បាន​មានប្រសាសន៍​ផងដែរ​ថា ពិព័រណ៍​ពាណិជ្ជ កម្ម ដែល​នឹងត្រូវ​រៀបចំឡើង​នេះ គឺ​រៀបចំឡើង​ស្របតាម​ការព្រមព្រៀងរ​បស់​នាយករដ្ឋមន្ដ្រី នៃ​ប្រទេស​ទាំង​២ ដោយ ចង់បាន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២ កើនឡើង​ក្នុង​អត្រា ៣០%​ក្នុង​មួយឆ្នាំៗ ។ ពិព័រណ៍​នេះ មិន​ត្រឹមតែ​ជួយ​ជំរុញ កំណើន​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាចជួយ​បង្កើន​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​២ ថែម​ទៀតផង ៕