ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្ដាលអោយ​ដួល​រងរបួស​ហើយ​គេចខ្លួន​ដោយ​សុ​វត្តិភាព​

0

​ភ្នំពេញ ៖ នារី​ម្នាក់​បាន​រងរបួស​បែក​មុខ​បែក​មាត់​និង​រលត់​ដៃ​រលត់​ជើង​ដោយសារតែ​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​រូបនាង​ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាមផ្លូវ​បណ្ដាលអោយ​ដួល​ម៉ូតូ​អូស​និង​ថ្នល់​ប្រហែលជា​១០​ម៉ែត្រ​ហើយ​ជនសង្ស័យ​នោះ​ធ្វើ​សកម្មភាព​បានសំរេច​ក៏​គេចខ្លួន​បានសម្រេច​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០១៤ ត្រង់ចំនុច​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (​សាលា​ច្បាប់​) តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា គុប ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-2496 ដែល​ជិះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដោយ​រូបនាង​កំពុងតែ​ជិះ​ម៉ូតូ​យឺតៗ​

នោះ ហើយ​និង​ស្ពាយ​កាបូប​ជំ​ហៀ​ង​ខាងឆ្វេង ស្រាប់តែ​ពេលនោះ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​ពីក្រោយ​ហើយ​វ៉ា​ម៉ូតូ​នារី​រងគ្រោះ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រងគ្រោះ​មួយ​ទំហឹង ធ្វើអោយ​នារី​រងគ្រោះ​ដួល​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​បណ្ដាលអោយ​រងរ​បួស​បែក​មុខ​បែក​មាត់​និង​រលត់​ដៃ​រលត់​ជើង រួច​ជន​ន​សង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​ក្រោយពី​ធ្វើ​សកម្មភាព​បានសម្រេច​។​ ​

បន្ទាប់ពី​កើតហេតុ​នារី​រងគ្រោះ​ខាងលើ​ក៏បាន​ស្រែក​ឆោឡោ​អោយគេ​អ្នកជិតខាង​ជួយ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​និង​នាំ​នារី​រងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​បឹងត្របែក ដើម្បី​សួរ​ពី​ភិនភាគ​ជនសង្ស័យ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ខាងក្នុង​ហេតុការណ៍​នោះ​៕​