​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​នៃ​ការអនុវត្ត​របស់​អនុគណៈកម្មការ​ថ្នាក់​ខេត្ត នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រួតពិនិត្យ វាស់វែង និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច នៅ​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ២៧​ខែ មករា ឆ្នាំ ២០១៦ មាន​បើក​កិច្ចប្រជុំ​អនុគណៈកម្មការ​ថ្នាក់​ខេត្ត​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ត្រួតពិនិត្យ​វាស់វែង​និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ឧបនាយករដ្ឋមន្ដ្រី​ប៊ិន​ឈិន​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ត្រួតពិនិត្យ​វាស់វែង​និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​។​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ​នៃ​ការអនុវត្ត​របស់​អនុក​ម្មការ​ថ្នាក់​ខេត្ត នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ត្រួតពិនិត្យ​វាស់វែង​និង​វាយតម្លៃ​នៅ​ខេត្តសៀមរាប​ដោយមាន​ការចូលរួម​ពី​លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​អនុគណៈកម្មការ​ថ្នាក់​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​វាស់វែង​និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​គណៈ​អភិបាលខេត្ត​អស់លោក​ជា​សមាជិក​អនុគណៈកម្មការ​អន្តរក្រសួង​ដើម្បី​ត្រួតពិនិត្យ​វាស់វែង​និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ខេត្តសៀមរាប អភិបាលក្រុង ស្រុក​ផងដែរ​។DSC_0689
​ ​តាម​សេចក្តី​របាយការណ៍​រប​ស់លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​អំពី​ការធ្វើ​បច្ចុប្បន្នភាព​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុងភូមិ​សាស្ដ្រ​ខេត្តសៀមរាប មាន​ផ្ទៃដី​សរុប​ទំហំ ១​លាន​៥៤​ពាន់​៤៤២​ហ​.​ត មាន​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​១៤​ក្រុមហ៊ុន ដែលមាន​ផ្ទៃដី​ទំហំ ៦៧​ពាន់​៨៣០​ហ​.​ត ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។ ក្រោយពី​អនុគណៈកម្មការ​ថ្នាក់​ខេត្ត នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រួតពិនិត្យ វាស់វែង និង​វាយ​ត​ម្លែ សម្បទាន​ដី​សេដ្ឋកិច្ច បានធ្វើ​ការចុះ​ត្រួតពិនិត្យ វាស់វែង និង​ប្រជុំ​វាយតម្លៃ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុងភូមិ​សាស្ដ្រ​ខេត្តសៀមរាប​រួចមក យើង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុងនោះ​មាន​០៤​ក្រុមហ៊ុន ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​និរាករណ៍​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​រួមមាន​ក្រុមហ៊ុន​ប៊ី​វី​ប៊ី ,​ក្រុមហ៊ុន​លី​យ៉េ​រ៉ាប់​ប៊ើ​រ , ក្រុមហ៊ុន​បាន​យ៉ា​គ្រុប និង​ក្រុមហ៊ុន​រតនា​ខូ​ប​ភើ​រេ​សិន ។ ជាមួយនឹង​ការងារ​ត្រួតពិនិត្យ និង​វាយតម្លៃ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​អនុគណៈកម្មការ​ថ្នាក់​ខេត្ត​បាន​បន្ត​ផែន​ការចុះពិនិត្យ និង​រៀបចំ​នីតិវិធី​នៃ​ការស្នើសុំ​ចុះបញ្ជី​ដី​រដ្ឋ​ជូន​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប ជា​លទ្ធផល​ក្រុមការងារ​អនុវត្តបាន​ចំនួន ០៧​ក្រុមហ៊ុន ។​DSC_0690
​លោក​ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បាន​មានប្រសាសន៍​ណែនាំ​ដល់​សមាជិក​អនុគណៈកម្មការ​ថ្នាក់​ខេត្ត ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​របស់ខ្លួន​ដោយ​សហការគ្នា​ឲ្យ​បានល្អ​។​ត្រូវ​ក្តាប់​សភាព​ការ​ណ៏​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​អំពី​ស្ថានភាព​ដី​សម្បទាន​សេដ្ឋកិច្ច បញ្ហា​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​មុន​ថ្ងៃទី ៧ ខែ ឧសភា​ឆ្នាំ​២០១២​ដើម្បី​ពិនិត្យ​លទ្ធភាព​កាត់​ជូន​ប្រជាពលរដ្ឋ​ស្របតាម​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល​។ មន្ទីរជំនាញ​ពាក់ព័ន្ធ ដែលជា​សេនាធិការ​របស់​ខេត្ត សំខាន់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​រដ្ឋបាល​ព្រៃឈើ​មន្ទីរ​កសិកម្ម​និង​មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវ​ចុះទៅ​ដល់​ផ្ទាល់​ទីតាំង​សម្បទាន​ដី​សេដ្ឋកិច្ច​។ ជាពិសេស​ក្រុម​ហ៊​ន​ណា​ដែល​រដ្ឋ​បាន​លុប​ចេញពី​សម្បា​ទាន​ដី​សេដ្ឋកិច្ច​មន្ទីរជំនាញ​និង​អាជ្ញាធរ​ពាក់​ព​ន្ធ័ ត្រូវ​ចុះទៅ​តាមដាន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ក្រុមហ៊ុន ចំនួន​៤ ដែល​រាជរដ្ឋាភិបាល​បានសម្រេច​លុប​ចេញពី​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​និង​ត្រូវ​ចុះ​តាមដាន​ត្រួតពិនិត្យ ពី​វឌ្ឍនភាព ផ្ទៃដី​នេះ​កុំ​ឲ្យ​មាន​បញ្ហា​ទៀត ។​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរខេត្ត ក្រុង​ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ​ធ្វើ​កិច្ចការ​ជាមួយគ្នា ដោយ​ផ្ទៀងផ្ទាត់​តួលេខ​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​គ្នា ដោយ​ឈរលើ​មូលដ្ឋាន​ជាក់ស្ដែង​នៅលើ​ទីវាល​ប្រកបដោយ​ស្មារតី​សាមគ្គីភាព​ទូលាយ​និង​ការទទួលខុសត្រូវ​ខ្ពស់​។​លោក​ប៊ិន​ឈិន បាន​លើកយក​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​លេខ ០១ បប ចុះ​ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១២ ស្ដីពី​វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​មក​ជម្រាបជូន​សមាជិក​អនុគណៈកម្មាធិការ​ខេត្តសៀមរាប​ឲ្យ​បាន​យល់​កាន់តែ​ច្បាប់​ដើម្បី​ជា​ប្រទីប​ក្នុងការ​ដោះស្រាយ​បាតុភាព​អសកម្ម​ផ្សេងៗ​សំដៅ​ធ្វើ​ឲ្យ​ការងារ​ប្រព្រឹត្តទៅបាន​លទ្ធផល​ល្អ ។DSC_0691 លោក​ឧបនាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​សមាជិក​អនុគណៈកម្មាធិការ​ត្រូវ​សហការគ្នា​ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទំនាស់​ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​និង​ស្នើសុំ​ឲ្យ​មន្ដ្រី​ជំនាញ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​សហការគ្នា​ដើម្បី​កាត់បន្ថយ​បញ្ហា​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​របស់ខ្លួន​ជាសំខាន់​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​។ អង្គ​ប្រជុំបាន​ពិភាក្សា​ទៅលើ​បញ្ហា​ប្រឈម​មួយចំនួន​និង​ក្រុមហ៊ុន​មួយចំនួន​ដែល​មិនបាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​អនុគណៈកម្មការ​ចូលទៅ​ពិនិត្យ​និង​វាស់វែង​ចុះបញ្ជី​ដី​សម្បទាន​សេដ្ឋកិច្ច ។ ក្នុងនោះដែរ​កិច្ចប្រជុំ​ក៏បាន​ឯកភាព​ពង្រឹង​ការអនុវត្ត​ដើម្បី​កាត់បន្ថយ​ទំនាស់​ដីធ្លី និង​បាន​ឯកភាព​កែលំអរ​ចំណុច​ខ្វះខាត​ក្នុងការ​អនុវត្ត​កន្លងមក ហើយ​បន្ត​សហការ​ដោះស្រាយ​ឲ្យ​បានល្អ ដើម្បី​បង្កើន​ជំនឿ​របស់​ប្រជាពលរដ្ឋ​មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ៕
ដោយ​គឿន​វេត​