ជន​វៀតណាម​ម្នាក់​ទាំង​ស្រវឹងស្រា ទាំង​បែក​ថ្នាំ ដុត​ផ្ទះ​ ​ខ្លួនឯង លទ្ធផល​ត្រូវ​ជាប់​ខ្នោះ​នគរបាល​ខណ្ឌឫស្សីកែវ​

0

​ភ្នំពេញ​៖​ជន​វៀតណាម​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្វាយប៉ាក​សហការ​ណ៍​និង​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ភ្លាមៗ​ក្រោយ​រកឃើញថា ទាំង​ស្រវឹងស្រា ទាំង​បែក​ថ្នាំ​ដោយ​ប្រើប្រាស់​គ្រឿងញៀន​បានធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​ខ្លួនឯង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅវេលា​ម៉ោង​១២​និង​០៥​នាទី​រសៀល​ថ្ងៃទី ១០ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវលំ ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​ជន​ត្រូវ​សង្ស័យ​ឈ្មោះ​ចាំង យ៉ាំង​ឡូ​ម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។​រីឯ​ជនរងគ្រោះ​និង​ជា​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ឈ្មោះ​អ៊ុន រស្មី ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ស្នាក់​នៅក្បែរ​ទីតាំង​កើតហេតុ​។​

​អធិការរង​ខណ្ឌឫស្សីកែវ​លោក អ៉ី​វ ឈុន​ភេ​ង បាន​បញ្ជាក់ថា បើតាម​សាក្សី​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ក្បែរ​ទីតាំង​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១០ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ ដែលជា​ថ្ងៃ​ចូលឆ្នាំ​ទី​៣ ប្រពៃណី​ចិន​វៀតណាម និង​ជា​ថ្ងៃ​ចូលឆ្នាំ​បង្ហើយ គេ​ឃើញ​បុរស​សង្ស័យ​ជនជាតិ​វៀតណាម​ខាងលើ​ដើរ​ត្រេ​ត​ត្រូ​ត​នៅមុខ​ផ្ទះ​របស់ខ្លួន​ទាំង​ស្រវឹងស្រា​ជោគជាំ​ដៃ​កាន់​ដែកកេះ​ទៅ​ដុត​ប៉ាតង់​ដែល​ដាក់​បាំងជញ្ជាំង​ផ្ទះ​បង្ក​ឲ្យ​ឆេះ​ជា​អណ្ដាតភ្លើង ប៉ុន្តែ​ភ្លាមនោះ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នាំគ្នា​ជួយ​ជះ​ទឹក​ពន្លត់​ភ្លាមៗ​ទើប​មិន​បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​ធ្ងន់ធ្ងរ​និង​រីក​រាលដាល​ដល់ផ្ទះ​អ្នកដ៍ទៃ ។​អធិការរង​ខណ្ឌឫស្សីកែវ​លោក អ៉ី​វ ឈុន​ភេ​ង បាន​បន្តថា ក្រោយពីរ​ទទួលបាន​សេចក្ដី​រាយ​ការ​ពី​នាយ​ប៉ុស្ដិ៍នគរបាល​ស្វាយប៉ាក​លោក គីម សាន្ដ ព្រមទាំង ទទួលបាន​បទបញ្ជា​ពី​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​លោក ទៀង ច័ន្ទ​សារ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ដោយ​ឃាត់ខ្លួន​ជនបង្ក​វៀតណាម​ទាំង​ស្រវឹង​ជោគជាំ​ភ្លាមៗ​ដោយ​រកឃើញ​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​

​សូមបញ្ជាក់ថា​បច្ចុប្បន្ន​ជនជាប់សង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​រៀបចំ​កសាង​សំនុំរឿង​បន្តទៅ​តុលាការក្រុង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕