រថយន្ត​ហាយ​ទ្បែ​ន​ឌឺ ដឹក​ឈើប្រណិត​១​គ្រឿង​ផ្ទុក​ឈើ​ពេញ ត្រូវ​សមត្ថកិច្ច​ស្រុក​ជល​គី​រី​ស្ទាក់​បង្ក្រាប​​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​

​កំពង់ឆ្នាំង​៖ រថយន្ត​ដឹក​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នង់ ១​គ្រឿង និង​ជនសង្ស័យ​២​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ ស្រុក​ជល​គី​រី សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស ដេញ​ស្ទាក់​ចាប់បាន កាលពី​វេលា ម៉ោង​៧ យប់​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវលំ​មួយ​ស្ថិត ក្នុង​ឃុំ​ព្រៃគ្រី

ស្រុក ជល​គី​រី ខេត្ត​កំពង់ឆ្នាំង នៅ​ខ​ណះ​ដែល​រថយន្ត​នោះ ឆ្លងកាត់​ស្រុក​ជល​គី​រី ឆ្ពោះទៅ​ខេត្ត​កំពង់ចាម​។​
​រថយន្ត​ដែល​សមត្ថកិច្ច​កង​រាជ​អាវុធ​និង​ប៉ូលីស ស្រុក​ជល​គី​រី បង្ក្រាប​បាន​នេះ ម៉ាក ហាយ ទ្បែ​ន​ដឺ សេរី​២០០១ ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ​2O-2092 និង​មាន​ស្លាក​សញ្ញា ហ​.​អ នៅ​កញ្ចក់​រថយន្ត​ទៀតផង ចំណែក​ជន សង្ស័យ​ឈ្មោះ វង រ៉ាវី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ និង​ឈ្មោះ អយ ធឿន ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជា​ព្រូ ។​
​លោក​វរសេនីយ៍ឯក ម៉ែន សំអាត មេបញ្ជាការ កង​រាជ​អាវុធ ស្រុក​ជល​គី​រី ដែល ដឹកនាំ​កំលាំង​ចេញ​បង្ក្រាប​ករណីនេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា ការ​បង្រា្ក​ប​នេះ គឺ​ក្រោម​ការចង្អុល​បញ្ជា ផ្ទាល់​ពី លោក យិន សា​វេន អភិបាល​និង​ជា​គណបញ្ជាការ​ឯកភាព ស្រុក ជល​គី​រី  ចំណែក​តួលេខ​ឈើ​ក្នុង​រថយន្ត​នេះ មាន​ប៉ុន្មាន​នោះ គឺ​មិន​ទាន់​រាប់ ជា​ផ្លូវកា​រណ៍​នៅឡើយ ទេ ព្រោះ​យប់​ជ្រៅ​ទៅ​ហើយ​។​
​យោងតាម​ចំលើយ ជនសង្ស័យ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា ខ្លួន​បើករថយន្ត​នេះ​គឺ​ស៊ី ឈ្នួល​ឲ្យគេ​តែប៉ុណ្ណោះ គឺ​១​ជើង​តំលៃ 100$ ចំណែក​ព្រូ 30$ ដឹក​ចេញពី​ស្រុក​ទឹកផុស ខេត្ត​កំពង់ ឆ្នាំង ទៅ​ត្រឹម​ស្គន់ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ហើយ​លើក​នេះ​ជា​លើក​ទី​២ ហើយ​ដែល​ខ្លួន​ឆ្លង កាត់​ស្រុក ជល​គី​រី ក៏​ជាប់​អន្ទាក់​សមត្ថកិច្ច​តែម្ដង​។​
​ជនសង្ស័យ​នេះ បាន​បន្តថា ថៅកែ​ខ្លួន ឈ្មោះ ស៊ីណា ភេទ ប្រុស អាយុ​ប្រហែល​២៩​ឆ្នាំ នៅ​ភូមិ កណ្ដាល សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​
​ចំណែក​ប្រភពព័ត៌មាន ផ្សេងទៀត​បាន​និយាយ​ព្រោងព្រាត​ថា គឺ​មានឈ្មោះ ចូច នៅ​គល់ ស្ពាន​សន្ទុះ ភូមិ​កោះធំ ឃុំ​ព្រៃគ្រី ជា​អ្នក​មើល​ផ្លូវ ហើយ​គេ​មាន​អំនួត​ថា គេ​ជា​អ្នក​រត់ការ ប៉ុន្តែ​សមត្ថកិច្ច អាជា្ញធរ​ស្រុក​ជល​គី​រី ក្ដោប​ជាប់ ផ្ទុយ​ពី​ការ​អំនួត របស់​ឈ្មោះ​នោះ ។​
​វត្ថុតាង​ឈើ និង​រថយន្ត​ត្រូវបាន​បញ្ជូន​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ឆ្នាំង ដ​ម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​

1 2 3