លោកស្រី​ម៉ែន សំអន​៖ ប្រារព្ធ​ខូ​ប​លើក​ទី​៦៥​ទិវា​កុមារ​អន្ដរជាតិ ១​មិថុនា​ប្រឆាំង​ពលកម្ម​កុមារ​ក្រោម​ប្រធានបទ​រួមគ្នា​លុបបំបាត់​អំពើហិង្សា​លើ​កុមារ

0

​ភ្នំពេញ ៖ លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​បាន​បញ្ជាក់ថា​៖ នៅ​ថ្ងៃទី​១ ខែមិថុនា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​សាមគ្គីភាព អន្តរជាតិ​របស់​កុមារ ដែល​សកលលោក បាន​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង​បំផុសស្មារតី​មនុស្សជាតិ គ្រប់​ពណ៌​សម្បុរ ឲ្យ​យកចិត្តទុកដាក់ ចំពោះ​សុខុមាលភាព សុវត្ថិភាព​របស់​កុមារ ហើយក៏​ជា​ថ្ងៃ​រំលឹក​ឡើងវិញ នូវ​ព្រឹត្តិការណ៍​ដ៏​សាហាវ យង់ឃ្នង​ព្រៃផ្សៃ របស់​ហ្វា​ស៊ី​ស​អ៊ី​ត្លែរ​មកលើ​ប្រជាជាតិ និង​កុមារ​នៅ​ភូមិ​លី​ឌី​ស៊ែរ នៅ​សាធារណរដ្ឋ​សហព័ន្ធ​ឆែក និង​ស្លូ​វ៉ា​គី និង​នៅ​ភូមិ​អ៊ូ​រ៉ា​ឌូ ប្រទេស​បារាំង ពិសេស​នៅ​កម្ពុជា​ក្នុង របប​ប្រល័យពូជសាសន៍​ប៉ុលពត បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ដែលមាន​ចរិត សាហារ​ឃោរឃៅ​ព្រៃផ្សៃ មកលើ​ប្រជាជន កុមារ កម្ពុជា​ខ្លួនឯង និង​ជា​ទិវា​រំលឹក នូវ​គោលការណ៍​ទាំង​១០ នៃ​អនុសញ្ញា អន្តរជាតិ ស្តីពី​សិ​ទិ្ធ​របស់​កុមារ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​សច្ចាប័ន កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​១៩៩២ ។

ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៤ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ពី សិស្សានុសិស្ស កុមារ​មកពី​អង្គការ​ជាតិ និង​អន្ដរជាតិ ប្រមាណ​ជាង​២០០០​នាក់​ផងដែរ ។​ លោក ស្រី​ម៉ែន សំអន បាន​លើកឡើងថា នេះ​ជាការ​ឆ្លុះបញ្ចាំង ពី​ការយកចិត្តទុកដាក់​រា​ជ​រដ្ឋាភិបាល ក្នុងការ​ថែរក្សា និង​ការពារ​សិទ្ធិ​កុមារ ដើម្បី​ឲ្យ​មានការ​រៀនសូត្រ ទទួល បាន​នូវ​ចំណេះដឹង​គោរព និង​អនុវត្ត​តែ​អំពើ​ល្អ ចៀសវាង​នូវ​អំពើ​អ្វី ដែល​ខុសឆ្គង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម ក្នុង​សាលារៀន​ក៏​ដូច​ក្នុងភូមិ ស្រុក​ដែល​យើង​រស់នៅ​។ ជាងនេះទៅទៀត ក្មួយៗ​សិស្សានុសិស្ស មិនត្រូវ​បង្ក​ការលំបាក​ដល់ គ្រួសារ ឪពុកម្តាយ ដែល​លោក​បានផ្តល់​លទ្ធភាព ដល់​ក្មួយៗ​រៀនសូត្រ ដើម្បី អនាគត​ភ្លឺស្វាង ជា​យុវវ័យ​ល្អ ជា​ទំពាំង​ល្អ ក្នុង​សង្គមជាតិ ។

ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោកនាយ​ករង ហៀ​ង សុ​ខេង បាន​ដាស់តឿន​ដល់​ក្មួយៗ សិស្សានុសិស្ស ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន បើ​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឪពុកម្តាយ ត្រូវ​ចេះ ទទួលខុសត្រូវ​សម្រាប់​ខ្លួនឯង និង​មិត្តភក្តិ ត្រូវ​ចេះ​ណែនាំ អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​។

លោកស្រី​បន្តថា ចូរ​ក្មួយៗ​គោរព​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវ​ចេះ​យោគយល់ និង​អធ្យាស្រ័យ​ឲ្យ​គ្នា ដើម្បី​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នកដទៃ ក៏​ដូច​រក្សា​សេចក្តី ថ្លៃថ្នូរ​សម្រាប់​សង្គមជាតិ​យើង​ផងដែរ​។ ជាមួយគ្នានេះ លោកនាយ​ករង បាន​ផ្តាំផ្ញើ​ឲ្យ​ក្មួយៗ សិស្សានុសិស្ស ត្រូវយក​ចិត្ត ទុកដាក់​រៀនសូត្រ​ឲ្យ​ក្លាយទៅជា​សិស្ស​ពូកែ ដើម្បី​ប្រឡង ប្រណាំង​ជាមួយ​សិស្ស សាលា​ផ្សេង ទៀត និង​ផ្ដល់ រង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ណា​ដែល រៀន​ជាប់​ចំណាត់ថ្នាក់​ល្អ ។

លោក​បាន​ថ្លែងថា គ្រោះ​អវិជ្ជា គឺជា​ការគំរាមកំហែង ដល់​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ ដូច្នេះ​ដើម្បី​ជៀសវាង​បញ្ហា នេះ​សិស្ស​ទាំងអស់​ត្រូវ​រៀន ឲ្យ​បាន​ជ្រៅជ្រះ សម្រាប់​អនាគត ហើយ​វា​ក៏​នឹង​ជួយ​លប់បំបាត់​ភាពក្រីក្រ ផងដែរ ។​

លោក​វង សូត រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ បាន​បញ្ជាក់ថា​៖ ផ្អែ​លើ​ទស្សនៈ​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធ​កុមារ កម្ពុជា​បានផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ជាច្រើន​រួមមាន អនុសញ្ញា ស្ដីពី​សិទ្ធិ​កុមារ អនុសញ្ញា​លេខ​១៣៨ ស្ដីពី​ការហាម​ប្រាម និង​សកម្មភាព​បន្ទាន់ សម្រាប់​ការ លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ អនុសញ្ញា​ក្រុងឡាអេ ស្ដី​ការការពារ និង​ពិធីសារ បន្ថែម ស្ដីពី​ការចូលរួម​របស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ និង​ការជួញដូរ​កុមារ ការធ្វើ​ពេស្យា​កម្ម​កុមារ និង​រូបភាព​អាសអាភាស​លើ​កុមារ​ជាដើម ។

លោក​បន្ដថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បានគិត​គូរ ផ្ដល់នូវ​ក្ដី​អាណិត​ស្រលាញ់ សណ្ដោស​ប្រណី ចំពោះ​កុមារ​គ្រប់​ស្រទាប់​ទាំងអស់ ជាពិសេស បាន​ជម្រុញ​ការលុបបំបាត់ ទម្រង់​ធ្ងន់ធ្ងរ នៃ​ពលកម្ម​កុមារ ដោយ ផ្អែកលើ​គោលការណ៍​ចម្បង​៣​ចំណុច​សំខាន់ គឺ ១​កា​ដកហូត​កុមារ​ពី​ទម្រង់​ធ្ងន់ធ្ងរ ពលកម្ម​កុមារ ២​កិច្ចសហការ​ជាមួយ​សង្គម​ស៊ីវិល និង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​ស្ដ្រី និង​កុមារ ៣​លើកកម្ពស់​ការងារ​ស​មរ​ម្យ និង​សុវត្ថិភាព​ការងារ​កុមារ ៕ ដោយ​៖ សំរិតa1 a2 a3 a4 a5 a6