ពិធីប្រកាសបញ្ចូល ខណ្ឌរដ្ឋបាល ព្រៃឈើ ខណ្ឌរដ្ឋបាល ជលផល និង ប្រគល់ត្រា ថ្មី ជូនប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ

0

ព្រះវិហារ៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តព្រះវិហារ បានរៀបចំពិធី ប្រកាសបញ្ចូល ខណ្ឌរដ្ឋបាល ព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ចូលទៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រគល់ត្រាថ្មីជូនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងខេត្ត ជាច្រើននាក់ផងដែរ។
ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា មិនមានអ្វីប្លែកនោះទេ ចំពោះការដាក់បញ្ចូល ខណ្ឌរដ្ឋបាល ព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ទៅក្នុងក្របខណ្ឌមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមបានបញ្ជាក់ថា កាលពីមុនខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ក៏ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែរ តែការបែកគ្នាមួយរយៈនេះ គឺមកពីរបត់នយោបាយ ដោយរដ្ឋាភិបាល ចង់កែប្រែ វិស័យទាំងនេះ ឲ្យការគ្រប់គ្រងមានប្រសិទ្ធិភាព និងសូមឲ្យមន្ត្រីទាំងអស់ ត្រូវខិតខំ ធ្វើការ ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្រោយការបញ្ចូលគ្នា រវាង ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាល ជលផល នៅពេលនេះ មានមន្រ្តីមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សរុបចំនួន ១២៣រូប ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍សំណេះសំណាល និងលើកឡើងថា ខណ្ឌរដ្ឋបាល ព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល នៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ គឺមិនបានស្ថិត នៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះឡើយ។ ដោយមើលឃើញ ពីផលលំបាក ក្នុងការគ្រប់គ្រង ក៏ដូចជាកិច្ចសហការ ក្នុងពេលប្រតិបត្តិការងារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅអំឡុងឆ្នាំ២០១៦ ក៏បានបញ្ជាឲ្យ មានការកែសម្រួល និងរៀបំ ដាក់បញ្ចូល រដ្ឋបាលទាំងពីរនេះ ទៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏ក្រោមការ គ្រប់គ្រង របស់ គណៈបញ្ជាការ ឯកភាពខេត្តផងដែរ៕
ដោយ   មាន វណ្ណតារា