បង្កើតទីស្នាក់ការកណ្តាល របស់សមាគមន៍អ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន និងកសរពារសិទ្ធពលរដ្ឋនៅកម្ពុជា

0

ខេត្តកំពត៖ សមាគមន៍អ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន និងការពារសិទ្ធពលរដ្ឋនៅកម្ពុជា ត្រូវបានបង្កើតឡើងដំបូងគេបង្អស់ និងបើកស្នាក់ការកណ្តាលនៅខេត្តកំពត នាព្រឹកថ្ងៃទី១២ មករា នេះ ដោយមានសមាជិកចូលរួម ពីសំណាក់មន្ទីរអង្គភាព និងពលរដ្ឋសរុបប្រមាណជាង២០០ នាក់។

លោក ឆាត លី ដែលត្រូវបានជ្រើសតាំងជាប្រធានសមាគមន៍ បានមានប្រសាសប្រាប់អ្នកសារព័ត៌មានថា សមាគមន៍អ្នកអភិរក្សធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធពលរដ្ឋកម្ពុជានេះ គឺធ្វើឡើង ក្នុងគោលបំណងចំណេះដឹងមនុស្សអោយចេះស្រលាញ់សាមគ្គីគ្នា រវាងអ្នកមាននិងអ្នកក្រ ពិសេសបំផុតនោះគឺគោលដៅសហគមន៍ គឺជាអ្នកការពារធនធានធម្មជាតិដែលកើតមាន អោយរួចផុតពីការកាប់បំផ្លាញ និងបានប្រមូលផ្តុំគំនិត ដើម្បីអភិវឌ្ឍបន្ថែម លើវិស័យកសិកម្ម សិប្បកម្ម ព្រមទាំងជួយកសាងលើការដាំដុះ របស់ពលរដ្ឋ អោយងាកមករកបែបធម្មជាតិ និងគ្មានជាតិគីមីសម្រាប់ប្រើប្រាស់លើទីផ្សាររួមនៅកម្ពុជា។
លោក ឆាត លី ប្រធានសមាគមន៍បន្តថា រហូតមកដល់ពេលនេះ សមាជិកគាំទ្រ និងចូលរួមក្នុងកិច្ចការសហគមន៍នេះ កើនឡើងដល់ទៅ ជិត២០០០០ នាក់ហើយ ទូទាំងប្រទេស ហើយសមាគមន៍នឹងរៀបចំគម្រោងដាំកូនឈើឡើងវិញ ចំនួនជិត២លានដើម នាពេលដ៏ខ្លីខាងមុខនេះ ដូច្នេះការបង្កើតសមាគមន៍គឺជា រឿងមួយដ៏ល្អបំផុតសម្រាប់បរិស្ថាន ធនធានធម្មជាតិ។

ជាមួយគ្នានេះ លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពត បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងដល់សមាគមន៍ នឹងបានផ្តែរផ្តាំថា សមាគមន៍ត្រូវធ្វើអ្វីអោយចំគោលដៅ និងមានគោលការណ៍ច្បាស់លាស់ ពិសេសគឺការសហការគ្នាល្អជាមួយជំនាញពាក់ព័ន្ធ ដើម្បីគ្រប់គ្រង់ការពារលើធនធានធម្មជាតិនេះ អោយបានល្អប្រសើរថែមទៀត។

ទន្ទឹមនឹងនេះក្រុមប្រជាពលរដ្ឋនិងសមាជិក ក៏បានសំដែងការគាំទ្រយ៉ាងខ្លាំង ចំពោះទស្សនះវិស័យរបស់ សមាគមន៍ ដោយពួកគាត់លើកឡើងថា ការចូលរួមជាសមាជិកអភិរក្សរបស់សមាគមន៍នេះ ដូចជាការចូលរួមស្រលាញ់ធនធានធមំជាតិដូច្នេះដែរ៕