រាជរដ្ឋាភិបាល ជំរុញ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​លទ្ធភាព​

0

​ភ្នំពេញ​៖ តំណាង​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​អំពាវនាវ​ដល់​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ ទាំងអស់​ដែល​ទើប​ចូលកាន់​តំណែង​នោះ ទោះបី​មកពី​គណៈបក្សនយោបាយ ណាក៏ដោយ​ត្រូវខិតខំ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាប្រចាំ ពិសេស​ការផ្តល់សេវា​សា​ធា​រៈ​តាមរយៈ​រដ្ឋបាល​នានា​ជូន​ពួកគាត់​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ប្រកបដោយ​តម្លាភាព និង​គ្មាន​អំពើពុករលួយ​។​

លោក កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បាន​មាន​ប្រសា​ស​ន៏​លើកឡើង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា​នៅ​សាលា​រាចធានី​ភ្នំពេញ​នេះ​ថា​៖ ក្នុងនាម​សមាជិក​ក្រុមប្រឹក្សា ដែល​ជាប់ឆ្នោត​ទាំងអស់ ទោះ​មាន​សមាសភាព​មកពី​គណៈបក្សនយោបាយ​ផ្សេងៗ​គ្នា​ក៏ដោយ ក៏ត្រូវ​ខិតខំ​បំរើ​ផលប្រយោជន៍​និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព ហើយ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​រើសអើង​នោះឡើយ​។

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​បានបញ្ជាក់​ថា ការអំពាវនាវ​ដូច្នេះ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ទាំងនោះ បាន​អនុវត្ត​ស្របតាម​ផ្លូវច្បាប់ ព្រោះ​អស់លោក​ជា​អ្ន​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​ភារៈកិច្ច​សំខាន់ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន​ធានាបាន​ការរស់នៅ​កាន់តែ​ប្រសើរ​ទាំង​ជីវភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​។​លោក​បន្តថា ចាប់ពីពេលនេះ​ទៅ ការផ្តល់សេវា​រដ្ឋបាល​នានា​ជូន​ប្រជាពលរដ្ឋ ត្រូវ​ពង្រឹងគុណភាព និង​មាន​តម្លាភាព ជួយ​ទប់ស្កាត់​ឲ្យ​បាន​រាល់​អំពើពុករលួយ​គ្រប់​រូបភាព ដែល​នេះ​ជា​យន្តការ​មួយ​ជួយ​ជំរុញ​ដល់ ការកាត់បន្ថយ​ភាពក្រីក្រ​និង​ការអភិវឌ្ឍ​កម្ពុជា​កាន់តែ​រីកចំរើន​ទៅមុខ ពិសេស​គ្មាន​ភាព​ថ្នាំងថ្នាក់ រវាង​ប្រជាពលរដ្ឋ ដែល​ម្ចាស់ឆ្នោត​។​ ​

លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ប្តេជ្ញា​នឹង​ខិតខំ​ពង្រឹង​ឲ្យ​បាន​នូវ​សាមគ្គីភាព ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សំដៅ​ឲ្យ​រាល់​ការដោះស្រាយ​នានា​ជូន​ប្រជាពលរដ្ឋ​ប្រកប ដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ លោក​បញ្ជាក់ថា ក្នុង​កិច្ចការ​ជា​អាទិភាព​សម្រាប់​អនុវត្ត​នៅ​រាជធានី​ភ្នំ ពេញ​នេះ នឹង​ផ្តោតជាសំខាន់​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ប្រកបដោយ​គុណភាព ធានា​ឲ្យ​បាន នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ រួម​ជាមួយនឹង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​ជាដើម​។​ ​

សូមបញ្ជាក់ថា ផ្អែក​តាម​លទ្ធផល​ជា​ផ្លូវ​ការដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត​កាលពី​ថ្ងៃទី​២៧ ខែឧសភា​ថ្មីៗ​នេះ ចំនួន​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អណ​ត្តិ​ទី​២ នេះ​មាន​៣៣២៤​រូប ក្នុងនោះ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​មាន​ចំនួន​៣៩៣​រូប និង​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ មាន​ចំនួន​២៩៣១​រូប​។​

ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ មាន​គណៈបក្ស​២​ដែល​ទទួលបាន​អ​សន ក្នុង​ក្រុមប្រឹក្សា​រាជធានី ខណ្ឌ ជា​លទ្ធផល​ក្រុមប្រឹក្សា​រាជធានី​គណៈបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន សម្លេងគាំទ្រ​៥៧១​សម្លេង គណៈបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​២៣៧​សម្លេង ចំណែក​លទ្ធផល​ក្រុម ប្រឹក្សា​ខណ្ឌ​គណៈបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សម្លេងគាំទ្រ​៥៧១​សម្លេង និង​គណៈបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​២៣៦​សម្លេង ក្នុង​អង្គ​បោះឆ្នោត​ដែលជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​អណ​ត្តិ​សរុប​ចំនួន​៨១០​នាក់​៕ ដោយ​៖ សំរិត​a1 a2 a3 a5 a6 a4