VIDEO ពិធីចុះហត្ថលេខាផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ជំហ៊ានទី១ ឆ្នាំ២០១៧

0

កំពង់ធំៈ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាម នៅលើទឹកដីប្រទេសកម្ពុជា នាខេត្តកំពង់ធំ ត្រូវបានកម្លាំងK72 របស់កងទ័ពប្រជាជនវៀតណាម ជីករុករកអដ្ឋិធាតុ តាមទីតាំងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដើម្បីនាំ យកអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ទៅប្រគល់ជូនសាច់ញាតិ បងប្អូន និងក្រុមគ្រួសារ ទទួលយកទៅធ្វើ​បុណ្យតាមប្រពៃណី  នៅប្រទេសកំណើតរបស់ខ្លួន។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីចុះហត្ថលេខាផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលសហការជីករុរកបានក្នុងជំហ៊ានទី១ ដំណាក់កាលទី១៦រដូវប្រាំងឆ្នាំ២០១៦ និងឆ្នាំ២៩១៧ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ចំនួន០៥ អដ្ឋិធាតុ នឹងបានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងបុព្វហេតុសហការវាយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័ពូជសាសន៏ ប៉ុលពត ចំនួន១០៣២អដ្ឋិធាតុ  ដែលបានជីករុករកឃើញក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយធ្វើមាតុភូមិនិវត្តន៏ត្រឡប់ទៅប្រទេសកំណើតវិញ ប្រសាសន៍បាននិយាយនៅក្នុងពិធីផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរសៀលថ្ងៃទី១៦ខែមករា ឆ្នាំ ២០១៧។

ក្នុងនោះដែរឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ ព្រមទាំងកងកម្លាំង អាជ្ញាធរ ជួយសហការជាមួយនឹង កម្លាំងរុករកអដ្ឋិធាតុរបស់វៀតណាមផង ព្រមទាំងចង្អុលបង្ហាញទីតាំងកប់អដ្ឋិធាតុ ដើម្បីឲ្យជីកយកទៅធ្វើបុណ្យនៅប្រទេសកំណើតរបស់គេផង ក៏ដូចជាការបង្ហាញនូវទឹកចិត្តល្អប្រពៃ របស់ប្រជាពលរដ្ឋខ្មែរ នូវការដឹងគុណបំណាច់ក្នុងបុព្វហេតុពលីជីវិត ក្នុងការរំដោះប្រជាជនខ្មែរឲ្យរួចផុតពីសេចក្តីស្លាប់។

ដោយ   ប៊ុន  រដ្ឋា